(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងអាកាសនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបូកសរុបការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបញ្ជការដ្ឋាន និងមេបញ្ជាការ ក៏ដូចជាមន្ត្រីយោធាមកពីតាមអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងអាកាសជាច្រើនរូបផ្សេងទៀត។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ បានបើកឱកាសឱ្យមេបញ្ជាការមកពីតាមអង្គភាពនីមួយលើកបង្ហាញនូវសមិទ្ធផលការងារដែលអង្គភាពសម្រេចបាន ព្រមទាំងលើកបង្ហាញនូវបញ្ហាប្រឈមមួយចំនួនដែលអង្គភាពជួបប្រទះ ដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំបញ្ជាការដ្ឋានស្វះស្វែងរកនូវដំណោះស្រាយ។

លោកឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងអាកាស បានឡើងមកបង្ហាញនូវសមិទ្ធផលជាច្រើន ដែលកងទ័ពជើងអាកាសសម្រេចបាននៅក្នុងឆ្នាំ២០២១ ព្រមទាំងគូសរំលេចនូវភាពខ្លាំង និងបញ្ហាប្រឈមមួយចំនួនរបស់កងទ័ពជើងអាកាសផងដែរ។

ក្រោយពីបានស្តាប់នូវរបាយការណ៍នានាហើយនោះ នាយឧត្តសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហានជំនាញគ្រប់បណ្តាអង្គភាព មូលដ្ឋានចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានប្រឹងប្រែងសម្រេចនូវការងារទាំងឡាយនៅក្នុងឆ្នាំចាស់។

នាយឧត្តមសេនីយ៍ សឹង សំណាង ក្នុងកិច្ចប្រជុំនេះ ក៏បានឆ្លៀតផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានផងដែរ។ នៅក្នុងបទសម្ភាសន៍នេះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបង្ហាញថា មានកិច្ចការស្នូលចំនួនពីរដែលកងទ័ពជើងអាកាសបានយកចិត្តទុកដាក់រួមមានការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្ស នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលើជំនាញហោះហើរ និងជំនាញបច្ចេកទេសយន្តហោះ គឺរាជរដ្ឋាភិបាលបានស្វះស្វែងរកអាហារូបករណ៍នៅតាមបណ្តារប្រទេសជាមិត្ត។ បន្ថែមពីលើនោះបញ្ជាការដ្ឋានក៏បានបើការបណ្តុះបណ្តាលនៅក្នុងស្រុកផងដែរ ដោយយកមន្ត្រីដែលទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេសជាអ្នកជួយបណ្តុះបណ្តាលអ្នកនៅក្នុងស្រុក។

ពាក់ព័ន្ធបញ្ហាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩វិញ នាយឧត្តមសេនីយ៍ សឹង សំណាង បានអះអាងថា នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ កងទ័ពជើងអាកាសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កងទ័ពជើងអាកាសបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់រាតត្បាតខ្លាំង បន្ថែមពីលើនោះកងទ័ព ក៏បានទទួលភារកិច្ចក្នុងការដឹកជញ្ជូនវ៉ាក់សាំងទៅតាមតំបន់ព្រំដែនចាក់ជូនពលករត្រឡប់មកពីប្រទេសថៃ។ បន្ថែមពីលើនោះ នៅតំបន់ដាច់ស្រយាលពិបាកធ្វើដំណើរទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនោះ កងទ័ពជើងអាកាស ក៏បានរ៉ាប់រងក្នុងការដឹកជញ្ជូន និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

ជាទិសដៅបន្តសម្រាប់ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបង្ហាញពីការប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជើងអាកាសនេះបន្ថែមទៀត ហើយគិតគូរពីការបំពាក់សម្ភារៈបច្ចេកទេសបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ការវិវឌ្ឍសភាពការណ៍របស់ពិភពលោក៕