(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រកាសដាក់ចេញបទបញ្ជាឱ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ចុះធ្វើ និងផ្ដល់សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ សម្រាប់យកធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត តាមបណ្ដាភូមិ ដែលកាត់ពីសង្កាត់មួយទៅសង្កាត់មួយ ជូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានប្រកាសដាក់បទបញ្ជាបែបនេះ នៅចំពោះមុខលោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ តំណាងលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងមានការចូលរួមពីលោកអធិការង ទទួលដឹកនាំផែនការងារអត្តសញ្ញាណកម្ម លោកនាយផ្នែកអត្តសញ្ញាណកម្ម និងលោកនាយប៉ុស្តិ៍ទាំង៧ នៅក្នុងកិច្ចប្រជុំមួយ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានប្រកាសតាមរយៈហ្វេសប៊ុកផ្លូវការរបស់អធិការដ្ឋាននគរបាលខណ្ឌយ៉ាងដូច្នេះថា៖ «នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំ ស្តីពីយុទ្ធនាការធ្វើផ្តល់សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ជូនប្រជាពលរដ្ឋក្នុងភូមិ ដែលកាត់ពីសង្កាត់មួយទៅសង្កាត់មួយ ក្នុងខណ្ឌឫស្សីកែវ»។

សូមជម្រាបថា សៀវភៅគ្រួសារ ពីមុនជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរុញទម្លាក់មកនៅត្រឹមអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌវិញ។ ដោយឡែកសៀវភៅស្នាក់នៅ ដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ១៩៩៧ បានចែងថា សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារ ដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូប រស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសៀវភៅគ្រួសារមួយ។

ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សៀវភៅស្នាក់នៅវិញ យោងតាមអនុក្រឹត្យឆ្នាំ១៩៩៧ដដែល បានចែងថា សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូប ដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬជាអ្នកជួលក្តី មានកាតព្វកិច្ចចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។ សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារបញ្ជាក់ជាថ្មីថា «ការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មិនតម្រូវឲ្យបង់ប្រាក់ឡើយ»៕

http://image.freshnewsasia.com/2021/id-021/fn-2022-02-21-21-01-52-1.JPG http://image.freshnewsasia.com/2021/id-021/fn-2022-02-21-21-01-52-2.JPG http://image.freshnewsasia.com/2021/id-021/fn-2022-02-21-21-01-52-3.JPG http://image.freshnewsasia.com/2021/id-021/fn-2022-02-21-21-01-52-4.JPG http://image.freshnewsasia.com/2021/id-021/fn-2022-02-21-21-01-52-5.JPG