(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចេតនាចង់បំបាត់ភាគីយោធាមីយ៉ាន់ម៉ា ប្រៀបបីដូចជាចង់យកក្បាលបោលទៅបុកនឹងជញ្ជាំង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «មានចេតនាមួយ ដែលកំពុងតែលេចឡើង គឺការកម្ចាត់ចោល កម្លាំងយោធារបស់មីយ៉ាន់ម៉ា ទាំងស្រុងតែម្តង។ សួរថាគេសុខចិត្តទេ? បើអ្នកឯងធ្វើតាមនោះ វាមិនខុសពីយកក្បាល បោលទៅបុកជញ្ជាំង ដែលសុទ្ធតែដែកគោលទេ»

ម្យ៉ាងទៀត បើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា ឆ្នាំ២០០៨ គេបានបែងចែកអំណាចហើយស្រេច សម្រាប់កងទ័ព មានចំនួន ២៥% នៃសមាជិកសភា ដែលត្រូវតែងតាំងដោយអគ្គបញ្ជាការកងទ័ព។ អគ្គបញ្ជាការកងទ័ព មានសិទ្ធិតែងតាំងអនុប្រធានាធិបតីម្នាក់ តែងតាំងរដ្ឋមន្ត្រីការពារជាតិ តែងតាំងរដ្ឋមន្ត្រីមហាផ្ទៃ និងតែងតាំងរដ្ឋមន្ត្រីព្រំដែន។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏បានរំលឹកជាសាថ្មី ពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញឲ្យរបបយោធា អនុវត្តឲ្យបានល្អ នូវកុងសង់ស៉ីស ៥ចំណុច ដែលត្រូវបានដាក់ចេញដោយអាស៊ានផងដែរ។ បញ្ហារបស់មីយ៉ាន់ម៉ា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិបាកដោះស្រាយណាស់ ហើយត្រូវការចរចាច្រើនដងទាំងលើតុ និងក្រោមតុ ហើយសម្តេចក៏ប្តេជ្ញាសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ។

សម្តេចបន្តថា «ខ្ញុំនឹងខិតខំសហការជាមួយដៃគូដទៃទៀត នៅក្នុងអាស៊ាន និងខិតខំសហការជាមួយនឹងភាគីជប៉ុន ដែលមានបទពិសោធន៍ ស្គាល់សភាពការណ៍ មីយ៉ាន់ម៉ាដែរនោះ ដើម្បីរកវិធីសាស្ត្រជួយឲ្យមីយ៉ាន់ម៉ា ឆ្លងកាត់ការលំបាកនេះ ជាពិសេសកុំឲ្យមានមនុស្សស្លាប់បន្ត ដោយសារហិង្សា ហើយធានាការផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការ»

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា គេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ៕