(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃជាប់គ្នានេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការយកឈ្នះជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង មិនចំណុះតែលើរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលនោះទេ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋក្នុងរាជធានីភ្នំពេញ ខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង កំពុងរាតត្បាតខ្លាំង និងសូមកុំប្រមាថឱ្យសោះថា មេរោគបំប្លែងថ្មី អូមីក្រុង វាមិននាំឱ្យមនុស្សស្លាប់ឱ្យសោះ។

ថ្លែងពីលើវេទិកាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា តាមការសង្កេតឃើញនាពេលថ្មីៗនេះឃើញថា ប្រជាពលរដ្ឋភាគច្រើនហាក់មានការធ្វេសប្រហែសក្នុងការការពារខ្លួនពីជំងឺឆ្លងកូវីដប្រភេទបំប្លែងថ្មី អូមីក្រុង ដោយសារសម្អាងថាខ្លួនបានចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំធ្វេសប្រហែសឱ្យសោះបើទោះជាបានចាក់វ៉ាក់សាំងរហូតដល់ដូសជំរុញក៏ដោយ ជាពិសេសនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំណើននៃចំនួនអ្នកឆ្លងមានការកើនឡើងជាបន្តបន្ទាប់រហូតមានអ្នកស្លាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងត្រូវបន្តការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ អូមីក្រុង ពីមុននេះអត់មានស្លាប់ ពេលអូមីក្រុង ចូលមកដល់យើងអត់មានស្លាប់ទេ អញ្ចឹងតែ ១ខែកន្លះ ដែលយើងអត់មានមនុស្សស្លាប់ ប៉ុន្តែ ៣ថ្ងៃជាប់គ្នាយើងមានមនុស្សស្លាប់ហើយ ដែលចាត់ទុកថា ជាការប្រកាសអាសន្នមួយដែរ សម្រាប់ផ្នែកសុខភាពសាធារណៈ និងការយកចិត្តទុកដាក់ផ្ទាល់ខ្លួនម្នាក់ៗ ការការពារបាន ឬមិនបានវាមិនចំណុះទៅលើវិធានការរបស់រដ្ឋាភិបាល តែឯងៗ របស់វិស័យសុខាភិបាលតែឯងៗនោះទេ វាចំណុះទាំងស្រុងទៅលើបុគ្គលម្នាក់ៗ ធ្វើ ឬមិនធ្វើ ព្រោះគ្មានអ្នកណាទៅឈឺជំនួសយើងនោះទេ»

ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃយុទ្ធនាការបើកការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុចាប់ពី៣-៥ឆ្នាំ ដែលអាណាព្យាបាលត្រូវយកកូនទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

«ជាក់ស្ដែងរបាយការណ៍ដែលចេញនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានអ្នកស្លាប់ចំនួន២នាក់ ម្សិលមិញស្លាប់៣នាក់ ហើយថ្ងៃម្សិលម្ងៃមានអ្នកស្លាប់ចំនួន២នាក់ បន្ទាប់ពីកម្ពុជាបានស្ងប់ស្ងាត់មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដអស់រយៈពេលប្រមាណជាង១ខែកន្លះរួចមកហើយនោះ»។ នេះជាបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

បើទោះបីជាជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង កំពុងតែរាតត្បាតនៅរាជធានីភ្នំពេញក្តី សម្រាប់សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់ ព្រមទាំងបានណែនាំឱ្យដល់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភថា រាជរដ្ឋាភិបាលចង់បិទប្រទេសឡើងវិញ ដែលនាំឲ្យភ័យបារម្ភរត់ទិញស្បៀងអាហារ ឬសម្ភារៈប្រើប្រាស់ទុក បង្កើតឱ្យមានការឡើងថ្លៃទំនិញខុសប្រក្រតី។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៥៩៨នាក់ ក្នុងនោះករណីនាំចូលចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៥៧២នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៥៨នាក់ និងអ្នកស្លាប់២នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៧,៥៧៥នាក់, អ្នកជាសះស្បើយសរុបចំនួន១២១,១២៥នាក់, ស្លាប់សរុបចំនួន៣,០២២នាក់៕