(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ បានបើកកិច្ចប្រជុំបូកសរុបការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២។

កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធ Zoom និងមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារសរុបប្រមាណ ១០០នាក់។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន មានសមាជិកទាំងអស់សរុបរួមចំនួន ៩៩៩រូប និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានចំនួន ១០៦រូប។

ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំបានមូលមតិគ្នាសម្រេចជាឯកច្ឆ័ន្ទ អនុម័តលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះ ក្រុមការងារ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន បានរៀបចំសេចក្តីសម្រេចមួយចំនួនដូចជា៖
* សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាកដឹកនាំ
* សេចក្តីសម្រេច ស្តីពីការបង្កើតនិងរៀបចំសមាសភាពផែនចំណុះតាមផ្នែក និងក្រុមជំនាញនីមួយៗ ទាំង៧ផ្នែក និង១ក្រុម រួមមាន៖ ផ្នែកសាធារណការ ផ្នែកបច្ចេកទេស ផ្នែករដ្ឋបាល ផ្នែកដឹកជញ្ជូន ផ្នែកផែនការ ពិនិត្យតាមដាន ផ្នែកកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ផ្នែកកំពង់ផែស្វ័យ័តភ្នំពេញ និងក្រុមអាជីវកម្ម
* សេចក្តីសម្រេច ស្តីពីការចូលជាសមាជិកបន្ថែម

បន្ថែមពីលើនេះមានការធ្វើបទអន្តរាគមន៍ និងការចូលរួមមតិយោបល់ ស្តីពីលទ្ធផលការងារដែលសម្រេចបាន ភាពខ្លាំង បញ្ហាប្រឈម និងទិសដៅបន្ត របស់ក្រុម និងផ្នែកនីមួយៗដោយ លោក លោកស្រី ប្រធាន អនុប្រធានផ្នែក សមាជិក សមាជិកា និងក្រុមការងារទាំងអស់។

មុននឹងបញ្ចប់កិច្ចប្រជុំ លោកប្រធានក្រុមការងារ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន បានធ្វើការថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមការងារទាំងអស់ ដែលបានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ស.ស.យ.ក ប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ហើយបានលើកទឹកចិត្ត និងជំរុញឱ្យសមាជិក សមាជិកា និងក្រុមការងារទាំងអស់ បន្តការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕