(ភ្នំពេញ)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ បើតាមការគ្រោងទុក នៅពេលបិទសន្និបាតនារសៀលថ្ងៃទី២៣ ខែកុម្ភៈស្អែកនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពារ រែកពុនការងារនានាជាច្រើនប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការចូលរួមអនុវត្តដោយផ្ទាល់នូវវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទមានការថយចុះ ៦% ជាពិសេសបទល្មើសឧក្រិដ្ឋដែលជះឥទ្ធិពលប៉ះពាល់ដល់ចិត្តសាស្រ្តសង្គម ថយចុះដល់ទៅ ១៤% ដោយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាមានកម្រិតខ្ពស់រហូតដល់ ៩៣%។ ទន្ទឹមនេះយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសនានា ក៏ត្រូវបានចាត់ចែងអនុវត្តជាប្រចាំ ទោះបីជាត្រូវរំខានខ្លះៗ ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសសេដ្ឋកិច្ច អំពើជួញដូរមនុស្ស និងបទល្មើសផ្សេងទៀត។

សម្ដេចក្រឡាហោម ស ខេង បានបន្ដថា សម្រាប់ការងារសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ ត្រូវបានបន្តខិតខំយកចិត្តទុកដាក់ដោយផ្តោតជាសំខាន់លើការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគោរពអនុវត្តច្បាប់ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករងរបួស ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។

ប៉ុន្តែបន្ទាប់ពីការបើកឱ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច សង្គម បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ហក់ស្ទុះឡើង បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស កើនឡើងគួរឲ្យព្រួយបារម្ភ។ ចំពោះការបង្ការ ទប់ស្កាត់អគ្គិភ័យក៏ត្រូវបានយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយអប់រំ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងការណែនាំអំពីវិធានការនានា ដើម្បីបង្ការ ទប់ស្កាត់អគ្គិភ័យ ធ្វើឲ្យហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យមានការថយចុះ២៨ភាគរយ ដែលកាត់បន្ថយបាននូវភ័យន្ដរាយដែលបណ្ដាលមកពីអគ្គិភ័យ។

ដោយឡែក ការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាពក៏ដូចជាការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងការជំរុញចលនាអនុវត្តគោលនយោបាយជាតិ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» បានធ្វើឲ្យប្រជាពលរដ្ឋគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន។

ការគ្រប់គ្រងជនប រទេស ក៏ត្រូវបានបង្កើនការយកចិត្ដទុកដាក់ គ្រប់គ្រងការចេញចូលនៅតាមបណ្ដាច្រកព្រំដែននានា និងការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេសដោយយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពបំពេញការងាររបស់មន្ត្រី និងការបំពាក់សម្ភារមធ្យោបាយ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

ការងារអត្តសញ្ញាណកម្ម ក៏ត្រូវបានបន្តយកចិត្តទុកដាក់អភិវឌ្ឍទាំងក្របខ័ណ្ឌគោលនយោបាយច្បាប់ ការផ្គត់ផ្គង់ឧបករណ៍ សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រី និងការលើកកម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងអត្តសញ្ញាណបុគ្គល សំដៅឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់កិច្ចអភិវឌ្ឍលើវិស័យនានា ដែលប្រើប្រាស់ទិន្នន័យបុគ្គល។

ការងារពន្ធនាគារ បានបន្តប្រមូលផ្ដុំយកចិត្តទុកដាក់លើការគ្រប់គ្រង ថែរក្សា ការពារសន្តិសុខ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា ការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្ស និងជនជាប់ឃុំ ការយកចិត្តទុកដាក់ថែទាំសុខភាព ជីវភាពជនជាប់ឃុំ ព្រមទាំងបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ដើម្បីដោះស្រាយភាពចង្អៀតណែនតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា និងការបន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនានា។

ចំពោះការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានបន្តខិតខំសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល រៀបចំបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចជាផ្លូវការ នូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០)។ ផ្អែកលើកម្មវិធីជាតិដំណាក់កាលទី២នេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានបន្តសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា រៀបចំនូវផែនការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី១ រយៈពេល០៥ឆ្នាំ (២០២១-២០២៥) និងរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២។

ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលនានាជាច្រើនទៀតដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបាន ដូចជា ការងារកសាងក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌយុទ្ធ-សាស្ត្រ សម្រាប់ការងារសំខាន់ៗ ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ការងារបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សទាំងផ្នែករដ្ឋបាលស៊ីវិល និងនគរបាលជាតិ ការងារអធិការកិច្ច និងដោះស្រាយពាក្យបណ្តឹង និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ការងារអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ការលើកកម្ពស់កិច្ចសហការអន្តរស្ថាប័នជាមួយក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសនានាក្នុង និងក្រៅតំបន់ ពាក់ព័ន្ធវិស័យសន្តិសុខ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការងារចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា សមិទ្ធផលដែលសម្រេចបានខាងលើ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្ម យ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ដែលបានពុះពារជម្នះគ្រប់ឧបសគ្គដោយដៃម្ខាង ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ និងដៃម្ខាងទៀត ធានាថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងបរិបថដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩៕