(ភ្នំពេញ)៖ ភាគីកម្ពុជា និងអ៉ីរ៉ង់បានលើកពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រលើវិស័យកីឡាកម្ពុជាពីសំណាក់ភាគីអ៉ីរ៉ង់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងការបង្កើនទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរផងដែរ។

ការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក អាលី អាក់បារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់បានគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងនៅកម្ពុជា និងបានទទួលស្គាល់ថាកម្ពុជាគឺជាគោលដៅទេសចរណ៍មួយដែលមានសុវត្ថិភាព ដែលជាបង្កើតឱ្យមានភាពស៉ាំក្នុងសហគមន៍ ដែលជាមូលដ្ឋានមួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ លោកបានសន្យាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនអ៉ីរ៉ង់ឱ្យមកទស្សនានៅកម្ពុជា ជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ចម្បង។

លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទាក់ទាញភ្ញៀវទេសចរមូស្លីម តាមរយៈការដាក់ចុះនូវយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមូស្លីម ដែលក្នុងនោះក៏នឹងជំរុញឱ្យមានការវិនិយោគ ក៏ដូចជាទេសចរមកកម្ពុជា។

លោករដ្ឋមន្ត្រីបានស្នើដល់ភាគីអ៉ីរ៉ង់ឱ្យជួយសិក្សាលើកាតតភ្ជាប់ជើងហោះហើរត្រង់ នាពេលខាងមុខនេះ ខណៈភាគីទាំងបានពិនិត្យលើលទ្ធភាពជាជំហានលើការហោះហើរជាលក្ខណៈត្រីកោណពីអ៉ីរ៉ង់ចូលមកប្រទេសថៃ ឬប្រទេសម៉ាឡេស៉ី និងបន្តមកកម្ពុជា។ នឹងពិភាក្សាលម្អិតនៅពេលក្រោយ។

លោក អាលី អាក់បារ ណាហ្សារី ក៏បានឯកភាពជាមួយភាគីកម្ពុជាលើការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយកម្ពុជាជាអ្នកផ្ដួចផ្ដើម និងបានស្នើទៅកាន់ភាគីអ៉ីរ៉ង់កន្លងមករួចហើយ។ ភាគីទាំងពីរនឹងរៀបចំឱ្យមានកិច្ចចុះហត្ថលេខាលើអនុស្សរណៈលើវិស័យទេសចរណ៍ និងទន្ទឹមគ្នានោះក៏មានការចុះអនុស្សរណៈលើវិស័យកីឡាផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍ និងបេតិកភណ្ឌអ៉ីរ៉ង់មកទស្សនកិច្ចនៅកម្ពុជាផងដែរ ហើយឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ក៏បានអញ្ជើញលោករដ្ឋមន្ត្រី ថោង ខុន ទៅទស្សនកិច្ចនៅប្រទេសអ៉ីរ៉ង់ដែរ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃវិស័យទេសចរណ៍ខាងលើនេះ។

ពាក់ព័ន្ធនឹងវិស័យកីឡា អ៉ីរ៉ង់ក៏បានសន្យានឹងជួយផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេមនៅកម្ពុជាក្នុងឆ្នាំ២០២៣ និងផ្ដល់បទពិសោធន៍ជួយគាំទ្រដល់ការបណ្ដុះបណ្ដាលផ្សេងៗលើវិស័យកីឡា៕