(ក្រចេះ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានព្រះបន្ទូលថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែមានភាពរឹងមាំ ទូទាំងប្រទេស ទាំងរចនាសម្ព័ន្ធ និងការគាំទ្រពីប្រជារាស្ត្រខ្មែរ។

ការមានបន្ទូលបែបនេះរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើឡើងក្នុងឱកាសដែលទ្រង់បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធខេត្ត ស្រុក ឃុំ ទូទាំងខេត្តក្រចេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ ព្រះអង្គម្ចាស់ព្រះប្រធានគណបក្ស ទ្រង់បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសហជីវិន សហជីវិនី ដែលបានចូលរួមបំរើយ៉ាងសកម្មជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ឥតងាករេ។

ក្នុងព្រះឋានៈ ជាព្រះប្រធានគណបក្ស ព្រះអង្គនឹងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចឱ្យរុងរឿង មានប្រជាប្រិយភាព ដើម្បីគណបក្សទទួលបានការគាំទ្រសារជាថ្មី។ ព្រះអង្គមានបន្ទូលបន្តអំពាវនាវឱ្យថ្នាក់ដឹកនាំក្នុងខេត្ត ត្រូវប្រមែប្រមូលអ្នករាជានិយម សីហនុនិយម រណឫទ្ធិនិយម រួបរួមគ្នា សាមគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច បានជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងបានសម្រេចជ្រើសតាំងអនុប្រធានចំនួន ៣រូប ក្នុងនោះមាន៖ លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ លោក ពៅ អេងគ្រី។

ក្រៅពីការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ សមាជវិសាមញ្ញក៏បានធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិក:គណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស គឺដើម្បីត្រៀមរៀបចំខ្លួនក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ និង បោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខនេះ៕