(កំពង់ចាម)៖ លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃជាសាវ័កមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផលិតប្រជាពលរដ្ឋល្អតាមរយៈពុទ្ធោវាទ។

ការថ្លែងបែបនេះ របស់អភិបាលរងខេត្ត បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសង្ឃប្រកាសនៃអនុសំវច្ឆរៈមហាសន្និបាតលើកទី២៩ នៅសាលាខេត្តកំពង់ចាម។

នាឱកាសនោះដែរ កៅ សុខអាន បានបន្តថា ព្រះសង្ឃក៏អាចចូលរួមផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពពោលគឺបើសង្គមយើងមានមនុស្សល្អកាន់តែច្រើន មនុស្សអាក្រក់កាន់តែតិច នោះអំពើអបាយមុខនៅក្នុងសង្គម ក៏នឹងកាត់បន្ថយបាន ហើយស្ថិរភាព សណ្ដាប់ធធ្នាប់ ក្នុងសង្គមក៏នឹងកើតឡើង ដែលជាចំណុចស្នូលនៃជ្រុងមួយ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា តាមរយៈវិស័យពុទ្ធិកសិក្សា ព្រះពុទ្ធសាសនាបានជួយបណ្ដុះបណ្ដាលធនធានបព្វជិតជាច្រើន ដែលជាកុលបុត្រក្រីក្រ ឱ្យក្លាយទៅជាបញ្ញវ័ន្តសង្ឃប្រកបដោយសមត្ថភាពនៅក្នុងសង្គម ដែលនេះគឺជាការចូលរួមមួយទៀត នៃយុទ្ធសាស្ត្រចតុកោណ គឺការចូលចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សនេះឯង។

លោក កៅ សុខអាន បានសំណូមពរដល់ព្រះសង្ឃទាំងអស់ សូមជួយថែរក្សាកេរ្តិ៍តំណែលដូនតា ទៅតាមតួនាទីដែលធ្លាប់ធ្វើកន្លងមកហើយ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបណ្ដុះគំនិតថែរក្សាបន្តផង និងសូមស្នើព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការទាំងអស់ មេត្តាបន្តជួយដល់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ឱ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន បញ្ឈប់អំពើហិង្សាគ្រប់ប្រភេទ ល្បែងស៊ីសងគ្រប់ទម្រង់ វិធានការបង្ការជំងឺកូវីដ១៩ ផងដែរ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត បានលើកជាសំណូមពរមួយចំនួន ក្នុងន័យជំរុញលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅក្នុងសង្គម មានដូចខាងក្រោម៖

*ទី១៖ សូមព្រះមេគណ និងព្រះមន្ត្រីសង្ឃគ្រប់ថ្នាក់ បន្តដឹកនាំពិនិត្យការអនុវត្តសង្ឃប្រកាសដែលបានដាក់ចេញកន្លងមក ព្រោះសង្ឃប្រកាសទាំងអស់នោះ សុទ្ធតែនៅមានសុពលភាព និងមានប្រយោជន៍ដល់ការងារគ្រប់គ្រងវិស័យព្រះពុទ្ធសាសនារបស់យើង។

*ទី២៖ សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ និង អ្នកពាក់ព័ន្ធទាំងអស់ មេត្តាពង្រឹងការគ្រប់គ្រងការបំបួសកុលបុត្រ ធ្វើយ៉ាងណាឱ្យការបំបួសនោះ ប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនាផង និងច្បាប់របស់រដ្ឋផង។

*ទី៣៖ សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះចៅអធិការ រដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ជំរុញការរៀបចំអាចារ្យ គណៈកម្មការតាមបណ្ដាវត្តអារាម ឱ្យស្របតាមគោលការណ៍ច្បាប់របស់ក្រសួងធម្មការ និងសាសនា។

*ទី៤៖ សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះចៅអធិការ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យករណីរៃអង្គាសតាមបែបអនាធិបតេយ្យ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ចៀសនូវការរិះគន់ពីមជ្ឈដ្ឋានទូទៅផង និងចូលរួមទប់ស្កាត់ដល់ជនខិលខូចមួយនចំនួន ដែលតែងតែយកព្រះពុទ្ធសាសនា មកប្រើប្រាស់បម្រើឱ្យផលប្រយោជន៍បុគ្គលខូចរបស់ខ្លួនផង។

*ទី៥៖ សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការគ្រប់វត្ត និងអ្នកពាក់ព័ន្ធទាំងអស់បន្តជួយគាំទ្រ និងពង្រឹងវិស័យពុទ្ធិកសិក្សាផងដែរ៕