(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋដដែលបានធ្វេីតេស្តរហ័សរកជំងឺកូវីដ១៩ និងមានលទ្ធផលតេស្តវិជ្ជមាន សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឬបញ្ជូនទៅមណ្ឌលសុខភាព។

លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្តថា ការដែលប្រជាពលរដ្ឋស្នើសុំព្យាបាលនៅតាមផ្ទះ គឺយើងមានប្រព័ន្ធការងាររបស់យើងនៅតាមខណ្ឌរួចហើយ ក្រុមការងារនេះនឹងធ្វើការងារជាមួយពួកគាត់ហើយ។

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានបន្តថា ចំពោះកិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ គឺប្រជាពលរដ្ឋត្រូវបំពេញពាក្យសុំ ដែលបានបញ្ជាក់ពីគោត្តនាម-នាម អ្នកជំងឺ ថ្ងៃ ខែ ឆ្នាំទទួលលទ្ធផល (+) ថ្ងៃ ខែ ឆ្នាំកំណើតភេទ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនជាដើម។

ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការស្ម័គ្រចិត្ត និងយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅផ្ទះប្រជាពលរដ្ឋត្រូវសហការជាមួយ គ្រូពេទ្យព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពសុខភាព ផ្ដល់ព័ត៌មានត្រឹមត្រូវជាប្រចាំ និងគោរពតាមការណែនាំក្នុងអំឡុងពេលធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ។

អ្នកជំងឺកូវីដ១៩ សមាជិកក្នុងផ្ទះ សន្យាគោរពតាមគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ និងគោលការណ៍ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់អ្នកថែទាំដែលផ្ដល់ការថែទាំព្យាបាលនៅតាមផ្ទះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សន្យាអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅផ្ទះ ក្នុងនោះ៖

ទី១៖ ស្នាក់នៅបន្ទប់ដាច់ដោយឡែក ពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ។
ទី២៖ ពាក់ម៉ាស លាងសម្អាតដៃ ឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។
ទី៣៖ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន
ទី៤៖ តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀតទាត់ជាប្រចាំ។
ទី៥៖ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
ទី៦៖ ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ។
ទី៧៖ ប្រើប្រាស់សម្ភារដាច់ដោយឡែក និងបោកគក់ជាមួយសាប៊ូ និងទឹកឱ្យបានត្រឹមត្រូវ។
និងទី៨៖ វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។

ក្នុងករណីប្រព្រឹត្តខុសពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាចបណ្ដាលឱ្យចម្លងជំងឺដល់ បុគ្គលដទៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕