(កំពង់ធំ)៖ នៅថ្ងៃ២២ ខែ០២ ឆ្នាំ២០២២នេះ លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកសណ្តាន់ បានផ្តល់បង្គោលភ្លើងបំភ្លឺតាមផ្លូវចំនួន២២បង្គោល និងអំពូលសូឡាចំនួន២២ឈុតបន្ថែមទៀត ជូនក្រុមការងារ ដើម្បីដាក់បំភ្លឺនៅ ទីប្រជុំជននៃឃុំសណ្តាន់ ស្រុកសណ្តាន់។

ក្រោមម្លប់នៃសន្តិភាព ស្រុកសណ្តាន់ ដែលធ្លាប់ជាអតីតតំបន់ដាច់ស្រយាល កណ្តាលព្រៃគ្មាន ការអភិវឌ្ឍ បានក្លាយជាតំបន់សេដ្ឋកិច្ចមួយ ដែលមានសក្តានុពល ផ្នែកកសិឧស្សាហកម្ម ហើយបានផ្តល់ការងារ និងឱកាសសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់។

លោកបានអំពាវនាវដល់បងប្រជាជន សូមចូលរួមគ្នាស្រលាញ់ និងថែរក្សាសន្តិភាពនេះ អោយបានគង់វង្សរាប់រយឆ្នាំទៀត ក្រោមម្លប់នៃគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា ដើម្បីជាប្រយោជន៍សាធារណៈ ពិសេសបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋធ្វើដំណើរ នៅពេលយប់ លោក នង វាសនា បានឧបត្ថម្ភបង្គោលភ្លើងបំភ្លឺតាមផ្លូវ និងអំពូលសូឡា ជាច្រើនមកហើយ ដើម្បីដាក់តាមទីប្រជុំជនក្នុងស្រុកសណ្តាន់៕