(សៀមរាប)៖ លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរំលេចថា «ចាប់តាំង ២០១៨ ដល់ ២០២១ គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ ករណីឈឺធ្លាក់ចុះជាបន្ដបន្ទាប់ ដូច្នេះយើងនឹងបន្ដធ្វើការរួមគ្នា អនុវត្តជំហានចុងក្រោយឆ្ពោះទៅ លុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ខាងមុខនេះ»។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រោមប្រធានបទ «ជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឆ្នាំ២០២៣»។

កម្មវិធីនេះមានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ដ្រីថ្លែងបន្តថា «យើងជួបជុំគ្នាថ្ងៃនេះ គឺមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងផ្នែករាជរដ្ឋាភិបាល ទាំងផ្នែកដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យរួមគ្នាពីវឌ្ឍនភាព សមិទ្ធផល និងកត្តាប្រឈមរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់»

ក្នុងឱកាសនោះ លោកបានពាំនាំនូវការសាកសួរសុខទុក្ខ និងការនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក និងដៃគូអភិវឌ្ឍទាំងអស់។

លោករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលបានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ និងឧបត្ថម្ភគាំទ្រវិស័យសុខាភិបាល សុខុមាលភាពរបស់ប្រជាជន ការអនុវត្តឲ្យបានសម្រេចនូវផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដើម្បីឈានទៅរកការលុបបំបាត់ជំងឺនេះ នាពេលខាងមុខ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រួមទាំងថ្នាក់ដឹកនាំរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍទាំងអស់ដូចខាងក្រោម៖

១៖ ក្នុងខណៈដែលយើងកំពុងតែស្ថិត នៅលើផែនទីចង្អុលផ្លូវ នៃការអនុវត្តយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ របស់រាជរដ្ឋាភិបាល២០១១- ២០២៥ យើងក៏ត្រូវប្រឈមមុខជាមួយនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ ផងដែរ។ ហេតុនេះ មន្រ្តីបុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវតែរួមសាមគ្គីគ្នាក្នុងការប្រយុទ្ធទប់ទល់នឹងកូវីដ-១៩ផង និងជំងឺគ្រុនចាញ់ផង រួមទាំងការផ្តល់សេវាសុខភាពជាសារវ័ន្ត ជូនដល់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យមាននរណាម្នាក់ មិនបានទទួលសេវាថែទាំសុខភាពនោះទេ ដែលនេះជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការគ្របដណ្តប់សុខភាពជាសាកល។

២៖ ត្រូវពិនិត្យតាមដានស្ថានភាពជំងឺឲ្យទាន់ពេលវេលារាល់២៤ម៉ោង និងមានវិធានការឆ្លើយតបបន្ទាន់តាមវិធីសាស្រ្ត១-៣-៧ (រកឃើញករណីវិជ្ជមានត្រូវព្យាបាល និងកំណត់ភូមិសាស្រ្តសំបុកចំលង និងឆ្លើយតបកំចាត់សំបុកបង្កជំងឺ)។

៣៖ ត្រូវអនុវត្តវិធីសាស្រ្តជំហានចុងក្រោយ «លុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូមត្រឹមឆ្នាំ២០២៣» ឱ្យមានប្រសិទ្ធភាព លើគោលដៅប្រជាជនចេញ-ចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នដែលពាក់ព័ន្ធឱ្យបានទូលំទូលាយ។

៤៖ ត្រូវបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់មុងជ្រលក់ថ្នាំដល់ប្រជាជនចល័ត និងចំណាកស្រុកអោយបាន ១០០% ជាពិសេសតាមរយៈ អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័ត។

៥៖ ត្រូវពង្រឹង និងពង្រីកវិសាលភាពការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ ដោយថ្នាំ Primaquine ១៤ថ្ងៃ នៅទូទាំងប្រទេសឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ទាំងមន្រ្តីបុគ្គលិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ទាំងអ្នកធ្វើការនៅតាមសហគមន៍ អ្នកស្មគ្រ័ចិត្តភូមិ និងសហគមន៍ ដែលបានខិតខំធ្វើការយ៉ាងស្វិតស្វាញ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លា ទើបយើងមានថ្ងៃនេះ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះ បន្តថា «ទាំងអស់នេះគឺជាការខិតខំរួមគ្នា របស់ក្រសួងសុខាភិបាល មជ្ឈមណ្ឌល អង្គការសុខភាពពិភពលោក ដៃគូរអភិវឌ្ឍន៍ទាំងអស់ និងប្រជាជនកម្ពុជា។ យើងនៅត្រូវធ្វើដំណើរបន្តលើកំណាត់ផ្លូវចុងក្រោយប្រកបសុទិដ្ឋិនិយមថា យើងកាន់តែខិតជិតដល់គោលដៅចុងក្រោយរបស់យើងហើយ»

ជាមួយគ្នានោះ រដ្ឋមន្រ្តីក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ ដៃគូអភិវឌ្ឍទាំងអស់ និងជាពិសេសចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាចូលរួមសហការ និងគាំទ្រដល់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្នុងដំណើរឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង នៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២៥៕