(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ច នៅកម្ពុជា ឆ្នាំ២០២២ សម្រាប់មន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យការសម្ភាសន៍នៅរាជធានីភ្នំពេញ។

ពិធីនេះបានធ្វឡើងក្រោមអធិបតីភាពលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ តំណាងរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ, លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពីតំណាងការិយាល័យសិ្ថតិ នៃក្រសួងផែនការ និងតំណាងមន្ទីរផែនការ រាជធានីភ្នំពេញ មន្ត្រីបម្រុង សិក្ខាកាម និងតាមបណ្ដាសង្កាត់ចំនួន១១សង្កាត់ ស្ថិតនៅសាលាខណ្ឌដូនពេញ។

លោក សុខ ពេញវុធ បានឱ្យដឹងថា យោងរាយការណ៍ជូនលោកស្រីប្រធាន និងងអង្គពីធីទាំងមូលអំពីស្ថានភាពទូទៅរបស់ខណ្ឌដូនពេញ និងលទ្ធផលនៃការចុះស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច ការគូរផែនទី មណ្ឌលជំរឿនកន្លងមក និងការបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ និងមន្ត្រីបម្រុង ដូចខាងក្រោម៖

ទី១៖ ស្ថានភាពទូទៅរបស់ខណ្ឌដូនពេញ ជាខណ្ឌមួយស្ថិតក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើត ទល់នឹងអ័ក្សទន្លេសាប ខណ្ឌជ្រោយចង្វារ ខាងជើងទល់នឹងផ្លូវលេខ៦៨ ខណ្ឌឫស្សីកែវ ខាងលិចទល់នឹង ផ្លូវលេខ១៣២ ខណ្ឌទួលគោក ខាងត្បូង ទល់នឹងផ្លូវព្រះសីហនុ ខណ្ឌចំការមន។ មានផ្ទៃដីទំហំ៧.៤៤គីឡូម៉ែត្រការ៉េ ស្មើនឹង១.០៧% នៃផ្ទៃដីរាជធានីភ្នំពេញ ចែកចេញជា១១សង្កាត់ ១៣៤ភូមិ មានចំនួន១៣,៧៨៤គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៧០,៩០០នាក់ ស្រី៣៥,៩០៨នាក់ មានដង់ស៊ីតេប្រជាជន ៩,៥២២នាក់/គម២។ ខណ្ឌដូនពេញ ជាតំបន់ប្រមូលផ្តុំមណ្ឌលរដ្ឋបាលពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ និងជាតំបន់ស្នាក់នៅ ហើយប្រមូលផ្តុំទៅដោយស្ថាប័នជាតិ អន្តរជាតិ និងស្ថានទូតជាច្រើន។

ទី២៖ លទ្ធផលនៃការចុះស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច និងគូរផែនទីមណ្ឌលជំរឿន ដំណើរការនៃការចុះស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច (រោងចក្រ សហគ្រាស ផលិតកម្ម អាជីវកម្ម និងសេវាកម្ម គ្រប់ប្រភេទ) និងងការគូរផែនទីមណ្ឌលជំរឿននៅតាមភូមិនីមួយៗក្នុងខណ្ឌ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងមក ក្នុងខណ្ឌដូនពេញ មានមណ្ឌលជំរឿនសេដ្ឋកិច្ចចំនួន ១៨៨ មណ្ឌលជំរឿន មាន១១.២៦០អង្គភាពសេដ្ឋកិច្ច។

ទី៣៖ ការបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ និងមន្ត្រីបម្រុង ដើម្បីដំណើរការអនុវត្តការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ច នៅតាមសហគ្រាស រោងចក្រ ផលិតកម្ម អាជីវកម្ម និងសេវាកម្មគ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ទទួលបានទាន់ពេលវេលា ត្រឹមត្រូវ ច្បាស់លាស់ ពិសេសធានាអោយបាននូវប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខណ្ឌ និងសង្កាត់បានជ្រើសរើសមន្ត្រីជំរឿន សរុបចំនួន៨៦នាក់ ក្នុងនោះមន្ត្រីត្រួតពិនិត្យចំនួន៦នាក់ មន្ត្រីសម្ភាសន៍ចំនួន ៧៥នាក់ និងមន្ត្រីបម្រុង ចំនួន៥នាក់។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ បានបន្តថា វគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ ធ្វើឡើងសម្រាប់គោលដៅមន្រ្តីសម្ភាសន៍ និងមន្រ្តីត្រួតពិនិត្យការសម្ភាសន៍នេះ ក្នុងគោលបំណងចុះប្រតិបត្តិការប្រមូលទិន្នន័យនៅមូលដ្ឋានអង្គភាពអាជីវកម្ម សហគ្រាសធ្វើ សកម្មភាព ផលិតកម្ម និងសេវា ស្ថិតក្នុងអាជីវកម្មរ៉ែ កម្មន្តសាល អគ្គិសនី និងឧស្ម័នផលិតទឹកស្អាតអនាម័យ និងអាជីវកម្មដទៃទៀត ដែលត្រូវបានកំណត់តាមចំណាត់ថ្នាក់ស្តង់ដាអន្តរជាតិ នៃវិស័យសេដ្ឋកិច្ច ដែលមានលក្ខណៈ ស្រដៀងនឹងការធ្វើជំរឿនប្រជាជនផងដែរ ដោយមន្ត្រីនឹងសម្ភាសគ្រប់អង្គភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋ ដែលមានមុខរបរជាក់លាក់ ដូចជា៖ ការលក់ដូរ ទាំងតូចនិងធំ មានទីតាំងច្បាស់លាស់ និងមានការចុះបញ្ជីរួចរាល់៕