(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ការអនុវត្តកសិកម្មតាមកិច្ចសន្យាជួយឲ្យសមាជិកសហគមន៍ដែលជាអ្នកផលិត មានទីផ្សារច្បាស់លាស់មុននឹងសម្រេចចិត្តដាំ។

ថ្លែងក្នុងពិធីសម្ពោធសមូហភាព «អង្ករព្រះវិហារ» នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមុិញនេះ លោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានថ្លែងថា បច្ចុប្បន្នខេត្តព្រះវិហារមានសហគមន៍កសិកម្មចំនួន៤៣សហគមន៍ និងត្រូវបានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្ម ស្របច្បាប់ដោយមន្ទីរកសិកម្មខេត្ត ក្នុងនោះមុខរបរសំខាន់ៗរបស់សហគមន៍កសិកម្មផ្តោតលើការធ្វើឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់សម្ភារកសិកម្ម និងធ្វើរបរទីផ្សារស្រូវ និងដំឡូងមីសរីរាង្គ និងបានអនុវត្តកសិកម្មតាមកិច្ចសន្យា ក្នុងការទិញលក់ស្រូវ និងដំឡូងមីសរីរាង្គជាមួយក្រុមហ៊ុនឯកជនដែលទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។

លោក ពឹង ទ្រីដា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះទៀតថា ការអនុវត្តកសិកម្មតាមកិច្ចសន្យាបានជួយកសិករនិងសហគមន៍កសិកម្ម ដូចជា៖

* ជួយឲ្យសមាជិកសហគមន៍ដែលជាអ្នកផលិតមានទីផ្សារច្បាស់លាស់ និងសម្រេចចិត្តដាំដុះ។

* កសិករមានកម្លាំងចិត្តក្នុងការចរចាជាមួយដៃគូឯកជន និងមានតម្លាភាព។

* អាចជួយបង្កើនប្រាក់ចំណូលដល់សមាជិក និងសហគមន៍ដោយគ្មានការកាត់ភាពខូចខាត (ឈ្មួញកណ្តាលកាត់ពី១០%ទៅ១៥%នៃទម្ងន់សរុប)។

* ទទួលបានចំណេះដឹងដឹងថ្មីៗទាក់ទងបច្ចេកទេសកសិកម្ម ដែលផ្តល់ដោយស្ថាប័នពាក់ព័ន្ធ។

* ចូលរួមកាត់បន្ថយចំណាកស្រុកបានមួយចំណែក។

* ទទួលបានធនធានក្នុងការអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់នៅនឹងកន្លែងផ្ទាល់។

លោកថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ ការអនុវត្តកសិកម្មតាមកិច្ចសន្យាលក់ស្រូវសរីរាង្គមានក្រុមហ៊ុនឯកជនចំនួន៣បានបញ្ជាទិញក្នុងបរិមាណស្រូវសរុបចំនួន១៩៨៥០.៨តោន ក្នុងនោះមានក្រុមហ៊ុនអែមរុរ៉ាយ (Amru Rice) ក្រុមហ៊ុនសុិកណេតឈ័រ អហ្វអេស៊ា (Signature Of Asia) និងក្រុមហ៊ុនហ្គោលដិនរ៉ាយ (Golden Rice)។ ចំពោះការអនុវត្តកសិកម្មតាមកិច្ចសន្យាដំឡូងមីសរីរាង្គក្នុងឆ្នាំ២០២១ មានចំនួន១៩,៦០០តោន៕