(រតនគិរី)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ», លោកស្រី ញាណ ទិត្យចិន្តា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចុះសួរសុខទុក្ខ ស្រ្តីមានផ្ទៃពោះ និងស្រ្តីទើបសម្រាលបុត្ររួចចំនួន១០នាក់ មកពីឃុំលុងឃុង ឃុំឡាមិញ ឃុំកក់ ឃុំស៊ើង ដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។

ការចុះសួរសុខទុក្ខនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយកសាខា លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកបរកែវ និងសហការីមួយចំនួនផងដែរ។

នាឱកាសនោះដែរ លោកស្រីអនុប្រធាន បានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាលតែងតែគិតដល់សុខទុក្ខបងប្អូនរួមជាតិ ដែលជួបការលំបាកផ្សេងៗ និងបានពាំនាំសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ទាំង៦ ចំណុចជូនដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួច ដើម្បីបន្ថែមការយល់ដឹងពីការថែទាំគភ៌ និងគុណតម្លៃនៃការផ្តល់សេវាសុខភាពបន្តពូជ សុខភាព មាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ។

លោកស្រី ញាណ ទិត្យចិន្តា ក៏បានជំរុញប្រជាពលរដ្ឋដែលធ្លាប់ទទួលវ៉ាក់សាំងដូសទី២ ហើយឱ្យទៅទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ និងនាំកុមារពីអាយុ៣ឆ្នាំ ដល់ក្រោម១២ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព តាមការណែនាំរបស់អាជ្ញាធរ និងគ្រូពេទ្យឱ្យបានគ្រប់ៗគ្នា ហើយបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដោយការរស់នៅធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគបំប្លែងថ្មី «អូមីក្រុង»

បន្ទាប់ពីការសំណេះសំណាលសួរសុខទុក្ខរួច លោកស្រី និងសហការី បានជូនឃីតទារកក្នុងម្នាក់ៗទទួលបាន៖ ពូកសម្រាប់ទារក ១ឈុត មួក១ ស្រោមដៃ ស្រោមជើង១គូរ ខោ-អាវទារក១កំប្លេរ កន្សែងពោះគោ១ មុងក្រុង១ សាប៊ូ១ដប ម្សៅ១កំប៉ុង ទឹកដោះគោឆៅ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ៕