(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោរប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ បានប្រកាសផ្ទេរភារកិច្ច និងតែងតាំងឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជំនួសវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវចូលនិវត្តន៍។

ពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ អនុប្រធាននាយកដ្ឋាន លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាយការិយាល័យ នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក មន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតទាំងអស់ និងស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ ជាច្រើនរូបទៀត នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសស្តីពី ការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃលេខ៦២១ ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន អត្តលេខ៦២០៨៨ ពីអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវដាក់ឱ្យចូលនិវត្តន៍៕