(កំពង់ធំ)៖ ក្រសួងបរិស្ថាន បានដាក់ចេញគោលនយោបាយចិញ្ចឹមសត្វនៅតាមតំបន់ព្រៃការពារ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការអាស្រ័យផលដោយពឹងផ្អែកតែលើការប្រមូលអនុផលព្រៃឈើ។

ដើម្បីគាំទ្រដល់គោលនយោបាយនេះ ក្រសួងបរិស្ថាន បានបើកកសិកដ្ឋានចិញ្ចឹមគោ ពពែ និងចៀម ដែលជាមេពូជជាង ១ពាន់ក្បាល នៅក្នុងស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ។ មន្ត្រីគម្រោងបានឱ្យ Fresh News ដឹងថា នៅក្នុងក្រោលប្រាសាទបល្ល័ង្គ រួមមាន៖ ពូជគោកណ្តុរក្រឡាត ដែលជាពូជគោរខ្មែរចំនួនប្រមាណ ២៧០ក្បាល, ចៀម និងពពែ ៣០០ក្បាល ព្រមទាំងគោបំប៉នយកសាច់ប្រមាណ ៦០០ក្បាលបន្ថែមទៀត។

មន្ត្រីរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា គោលនយោបាយចិញ្ចឹមសត្វនៅតំបន់ព្រៃការពារនេះ ត្រូវបានដាក់ចេញដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ គោលនយោបាយនេះ មានគោលបំណងកែប្រែក្លាយជីវភាពប្រជាពលរដ្ឋឱ្យមានជីវភាពប្រសើរឡើងតាមរបរចិញ្ចឹមសត្វ និងធ្វេីឱ្យប្រជាជន មានភាពសំបូរបែបលេីម្ហូបអាហារ។ មិនតែប៉ុណ្ណោះគោលនយោបាយនេះ ក៏មានបំណងជំរុញឱ្យកម្ពុជាមានភាពរីកចម្រើនក្នុងចិញ្ចឹមសត្វផងដែរ។

អ្វីកាន់តែសំខាន់ថែមទៀតនោះ គោលនយោបាយនេះ នឹងក្លាយទៅចលនាមួយក្នុងការទប់ស្កាត់ និងកាត់បន្ថយនូវបទល្មើសធនធានធម្មជាតិ។ ក្រសួងបរិស្ថាន ជាក្រសួងមានភារកិច្ចការពារធនធានធម្មជាតិ។ ដើម្បីឈានទៅកាត់បន្ថយទាំងស្រុងលេីការប្រេីប្រាស់ផលអនុផលព្រៃឈេី គឺត្រូវរកមុខរបរ និងរកចំណូលផ្សេងជូនប្រជាពលរដ្ឋ។

តាមរយៈនយោបាយនេះ ក្រសួងបរិស្ថាន មានជំនឿមុតមាំថា នឹងរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមទីជនបទ និងតំបន់ដាច់ស្រយាល ហើយពួកគេនឹងឈានទៅបោះបង់ចោល និងបែរមកចូលរួមការពារការពារធនធានធម្មជាតិ។

មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងដែរថា បច្ចុប្បន្នពូជគោ ពពែ និងចៀម ត្រូវបានចែកជូនទៅប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សមួយចំនួនហើយ មានដូចជានៅតំបន់ព្រៃការពារក្នុងខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ស្ទឹងត្រែង៕