(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារការិយាល័យ និងឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅមហាវិថីឈ្នះឈ្នះ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារ។

ថ្លែងនាឱកាសនោះលោក គង់ វិបុល បានអះអាងថា ការសាងសង់អគារការិយាល័យ និងឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារនេះឡើង ក្នុងគោលបំណង ដើម្បីពង្រឹងដល់ការងារគ្រប់គ្រង និងរក្សាទុកឯកសាររបស់អ្នកជាប់ពន្ធប្រកបដោយសុវត្ថិភាព និងសណ្តាប់ធា្នប់ ចៀសវាងនូវការខូចខាត ឬបាត់បង់ឯកសារដែល ជាព័ត៌មានដ៏សំខាន់របស់អ្នកជាប់ពន្ធ ម្យ៉ាងវិញទៀតដើម្បីពង្រីកនូវទំហំផ្ទុកឯកសារ ដែលអាចឆ្លើយតបតាមស្ថានភាពនៃកំណើនអ្នកជាប់ពន្ធដែលកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ផងដែរថា ឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារត្រូវបានរៀបចំពិធីចុះបឋមសីលាសាងសង់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការឯកភាព ដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលការសាងសង់នេះប្រើរយៈពេល ១១ខែ និង២៥ថ្ងៃ។

អគារការិយាល័យ និងឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារនេះ ស្ថិតនៅដីឡូតិ៍លេខ៦១២១ មហាវិថី ឈ្នះ ឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីសរុប ១៥,០៤.១២ ម៉ែត្រក្រឡា និងមានទំហំអគារសរុប ៤,៥១៥ ម៉ែត្រក្រឡា ដោយបែងចែកជា ៣អគារ ក្នុងនោះរួមមាន៖

* អគារ ក មានប្រវែង ៣២ម៉ែត្រ x ៤០ម៉ែត្រ ស្មើនឹងទំហំ ១,៣៥៣ ម៉ែត្រក្រឡា ជាសំណង់បេតុងបែបទំនើបផ្តោតលើសុវត្ថិភាព និងមានការរៀបចំឱ្យមានខ្យល់ បរិសុទ្ធចេញ-ចូលគ្រប់គ្រាន់។ អគារនេះមាន ២ផ្នែក មួយផ្នែកជាការិយាល័យបំពេញការងារ និងមួយផ្នែកជាឃ្លាំងសម្រាប់ផ្ទុកឯកសាររបស់អ្នកជាប់ពន្ធ។ អគារនេះមាន រចនាបទ ពិសេសពីរយ៉ាងគឺ៖ ផ្នែកខាងលើជាដំបូលមានទម្រង់ដូចជាគម្របប្រអប់ឯកសារ និងផ្នែកខាងក្រោមជាកន្លែងផ្ទុកឯកសារនិងធ្វើការ មានទម្រង់ដូចប្រអប់ ផ្ទុកឯកសារ។

*អគារ ខ និង អគារ គ មានប្រវែង ៣០ម៉ែត្រ x ៤០ម៉ែត្រ ស្នើនឹងទំហំ ១, ៥៨១ ម៉ែត្រក្រឡាដូចគ្នា ជាសំណង់ឃ្លាំងគ្រោងដែកដែលជាបច្ចេកទេសសំណង់ទំនើបចុងក្រោយ ប្រើប្រាស់សម្រាប់ផ្ទុកសម្ភារៈ ឧបករណ៍ផ្សេងៗ និងសម្រាប់បំពេញតម្រូវការការងាររបស់អគ្គនាយកដ្ឋានពន្ធដារ៕