(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដោយលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាងដោយលោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទទួលបានពានកោតសរសើរពីសម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់ (SEATCA) ក្នុងនាមជាស្ថាប័នរដ្ឋាភិបាល ដែលអនុវត្តបានល្អ ការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។

កម្មវិធីប្រគល់ពានកោតសរសើរនេះ រៀបចំឡើងដោយសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) តាមប្រព័ន្ធវីដេអូពីចំងាយ និងមានការចូលរួម ពីបណ្ដាប្រទេសអាស៊ានទាំង១០ប្រទេសធ្វើការលើវិស័យត្រួតពិនិត្យថ្នាំជក់ផងដែរ ក្នុងនោះក្រសួងស្ថាប័ននៃប្រទេសសមាជិកអាស៊ានដូចជា ក្រសួងសុខាភិបាលថៃ សិង្ហបុរី និងហ្វីលីពីន និងក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូនេស៊ី ក៏ទទួលបានពានកោតសរសើរនេះផងដែរ។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្ដីណែនាំមួយ ចំពោះអង្គភាពចំណុះក្រសួង និងគ្រឹះស្ថានសិក្សា គ្រប់កំរិតទាំងសាធារណៈ និងឯកជន ដោយហាមឃាត់ការចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ការទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សារណៈយោគយល់គ្នា ជាមួយឧស្សាហករថ្នាំជក់ ការផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័ណ៌ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់ តាមគ្រប់រូបភាព។

សេចក្តីណែនាំនេះ ត្រូវបានដាក់ចេញ ក្រោយពីក្រុមហ៊ុនថ្នាំជក់មួយចំនួន បានធ្វើសកម្មភាពឧបត្ថម្ភក្នុងគ្រឹះស្ថានសិក្សា ក្នុងគោលបំណងកេងចំណេញ ផ្សព្វផ្សាយ ឈ្មោះក្រុមហ៊ុន និងផលិតផលរបស់ខ្លួនដល់សិស្ស និស្សិត។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដោយមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ នៅខែមីនា ឆ្នាំ២០២១ បានចេញនូវសេចក្ដីណែនាំហាមឃាត់ការ នាំចូលការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមលើការការហាមឃាត់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៤។

គួរម្លឹកថា ជារៀងរាល់ឆ្នាំពិភពលោកត្រូវខាតបង់សេដ្ឋកិច្ចប្រមាណជា ១ទ្រីលានដុល្លារសហរដ្ឋអាមេរិក (១០០០.០០០.០០០.០០០,០០USD) និងមានមនុស្សប្រមាណ ៧លាននាក់ បានស្លាប់ ហើយចំនួននេះនឹងកើនឡើង១ភាគ៣ដង នៅឆ្នាំ២០៣០ ប្រសិនបើមិនមានការទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពទេនោះ។ ក្រឡេកមកប្រទេស កម្ពុជាវិញ ថ្នាំជក់បានសម្លាប់ប្រជាជនប្រមាណ ១៥,០០០នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ថវិកាប្រមាណ ៦៤៩លានដុល្លារ សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ គឺស្មើនឹង៣%នៃ GDP របស់កម្ពុជា។ នេះបើតាមការបញ្ជាក់ របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)៕