(ប៉ារីស)៖ ថ្លែងក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៉ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិកមួយរូបនៃកិច្ចប្រជុំពេញអង្គ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រធានអាស៊ាន បានយល់ឃើញថា ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយមើលឃើញពីទិដ្ឋភាពពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងចំណុចក្តៅក្នុងតំបន់ដ៏ស្មុគស្មាញផ្សេងទៀត ព្រមទាំងការរីករាលដាលនៃកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ»

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការពេញចិត្តចំពោះការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចកាន់តែច្រើន នឹងកាត់បន្ថយហានិភ័យនៃជម្លោះ ហើយប្រទេសទាំងនោះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរតំបន់បន្ថែមទៀត។

ប្រេសិតពិសេសប្រធានអាស៊ានក៏បានសម្តែងនូវអំណរសាទរចំពោះការបញ្ចប់កិច្ចព្រមព្រៀង ដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយរវាង អាស៊ាន-សហភាពអឺរ៉ុប ហើយទន្ទឹងរង់ចាំការសម្រេចបាននាពេលអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាព អឺរ៉ុប។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីការចូលជាធរមាននៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការភ្ជាប់ជាក់ស្តែងរវាងផែនការមេនៃការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និងច្រកទ្វារសកលនៃសហភាពអឺរ៉ុប។លោកក៏បានចែករំលែកនូវគោលគំនិតអាស៊ានក្នុងការរៀបចំទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (AOIP) ដោយជឿជាក់ថា ទស្សនវិស័យនេះ អាចជាវេទិកាដើម្បីសម្រួលដល់ការបំពេញបន្ថែមក្នុងចំណោមកំណែទម្រង់ផ្សេងៗនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីសម្រេចបាននូវគោលបំណងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។

ទាក់ទិននឹងបញ្ហាកង្វល់នានាស្តីពីសន្តិភាព និងសន្តិសុខក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនវេទិកាពីការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករាកន្លងទៅ ដែលធ្វើឡើងក្នុងគោលបំណងទម្លាយភាពជាប់គាំង និងវិធីសាស្រ្តជាក់ស្តែងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការបន្តអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (Five Point Consensus)។

សូមជម្រាបថា តបតាមការអញ្ជើញរួមរបស់ លោក Jean-Yves Le Drian រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ប្រមុខការទូតកម្ពុជា និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ប្រមាណ ៣០ ប្រទេស បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៉ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។

នៅក្នុងសម័យប្រជុំពេញអង្គ ថ្នាក់ដឹកនាំបានពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលស្តែងចេញពីទស្សនៈរបស់សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសនៅក្នុងឥណ្ឌូ-ប៉ាស៉ីហ្វិក។ ថ្នាក់ដឹកនាំក្នុងកិច្ចពិភាក្សាបានសម្តែងនូវក្តីបារម្ភរួមគ្នាពីទស្សនៈគោល២ នៃពិភពលោកដែលអាចនាំទៅដល់ការប្រឈមមុខគ្នា ការប្រកួតប្រជែងគ្នា និងភាពតានតឹង។ ថ្នាក់ដឹកនាំទាំងនោះ បានស្នើថា មានចំណុចដែលអឺរ៉ុប និងបណ្តាប្រទេសនានាក្នុងឥណ្ឌូ-ប៉ាស៉ីហ្វិកអាចរួមដៃគ្នាដើម្បីផ្តល់ជម្រើសនៃរបៀបរៀបរយក្នុងតំបន់ ដែលមានលក្ខណៈពហុភាគី ផ្អែកលើច្បាប់ និងបើកចំហសម្រាប់ផលប្រយោជន៍នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។

ក្នុងន័យនេះ អាស៊ានត្រូវបានទទួលស្គាល់ថា ជាតួអង្គកណ្តាលមួយនៅក្នុងឥណ្ឌូ-ប៉ាស៉ីហ្វិក ហើយថ្នាក់ដឹកនាំដែលចូលរួម បានលើកទស្សនៈឡើងថា អាស៊ាន និងអឺរ៉ុបគួរតែខិតខំប្រឹងប្រែងដើម្បីស្វែងរកការបំពេញបន្ថែម និងការរួមបញ្ចូលគ្នារវាងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (AOIP) និងយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៉ីហ្វិក ជាពិសេសក្នុងវិស័យសហប្រតិបត្តិការជាក់ស្តែង ដូចជា ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការស្តារសេដ្ឋកិច្ច សុវត្ថិភាពផ្នែកសុខភាព កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងការការពារជីវចម្រុះ។

សម័យប្រជុំពេញអង្គត្រូវបានបន្តដោយកិច្ចប្រជុំតុមូលចំនួន៣ស្តីពីការតភ្ជាប់ និងបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមជាសកល (អាកាសធាតុ ជីវចម្រុះ មហាសមុទ្រ សុខភាព) និងបញ្ហាសន្តិសុខ និងការពារជាតិ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំតុមូលស្តីពីសន្តិសុខ និងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញនូវគោលជំហររបស់កម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងគោលបំណងការពារជាតិ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញផងដែរ៕