(ភ្នំពេញ)៖ នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីមានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជននិងប្រជាពលរដ្ឋផងដែរនោះ។

នេះបើតាមការបញ្ជាក់ពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក ទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោហ៊ុនសែន ស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក នួន ផារ័ត្ន បានលើកឡើងថា ការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋ ជាការខិតការខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការអប់រំប្រជាពលរដ្ឋ ឲ្យបានដល់ដឹង ពីការទុកដាក់ ការញែកសំរាមសំណល់រឹងទៅតាមប្រភេទរបស់វា ដែលធ្វើឲ្យភ្នំពេញ ស្អាតបន្ថែមពីលើពេលបច្ចុប្បន្នមួយកម្រិតទៀត។

លោកបន្តថា នៅដំណាក់កាលចុងក្រោយនេះ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ប្រកួតប្រជែងគ្នា លើការប្រមូលសំរាមដែលធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋក៏បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំផងដែរដែលធ្វើឱ្យភ្នំពេញកាន់តែមានភាពស្រស់ស្អាតនិងមានបរិស្ថានល្អ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានភាពរីករាយសប្បាយចិត្ត។

គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន ៥០ឈុត ត្រូវនឹង ១៥០ធុង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់នៅទីតាំងសួនសាធារណៈមួយចំនួន នៅរាជធានីភ្នំពេញ៕