(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ បានចុះទៅដោះស្រាយជម្លោះផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋពីរគ្រួសារស្ថិតនៅក្នុងភូមិ-ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ ការស្វះស្វែងរកដំណោះស្រាយរបស់លោកអភិបាលលើជម្លោះរបស់ប្រជាពលរដ្ឋទាំងយប់នេះ នាំឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងខ្លាំងចំពោះទឹកចិត្តរបស់លោកអភិបាលខេត្ត។

ព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា ជម្លោះដីផ្លូវធ្វើដំណើរនេះកើតមានរវាងលោកស្រី មីន កុអាន់ណា និងលោកស្រី ហាក់ លីណា។ អាជ្ញាធរ បានរៀបរាប់ពីដំណើររឿងនេះថា ដីមានជម្លោះផ្លូវនេះ ដើមឡើយជាដីរបស់ឈ្មោះ Hallam Katie Goad ដោយមានរបងជាប់ជាមួយម្ចាស់ដីឈ្មោះ វាសនា ឈុន ដែលជាស្វាមីរបស់លោកស្រី ហាក់ លីណា។

បើយោងតាមលិខិតមួយច្បាប់ដែលជាកិច្ចព្រមព្រៀងធ្វើឡើងនៅឆ្នាំ២០០៨ រវាងលោក Hallam Katie Goad និងលោក វាសនា ឈុន បានបញ្ជាក់ថា ដីដែលជាប់របងគ្នាទាំងពីរនេះមិនមានផ្លូវសម្រាប់ប្រើប្រាស់រួមគ្នានោះឡើយ។ ក្នុងនោះលោក វាសនា ឈុន បានស្នើសុំផ្លូវនៅលើដីរបស់លោក Hallam Katie Goad ដើម្បីធ្វើដំណើរចូលទៅដីរបស់ខ្លួន។

លុះនៅក្នុងអំឡុងឆ្នាំ២០១៨ លោកស្រី មីន កុអាន់ណា បានទិញដីនៅទីតាំងខាងលើពីលោក Hallam Katie Goad ហើយបានពង្រីកផ្លូវនេះបន្ថែមសម្រាប់ធ្វើដំណើរចូលដីនេះឱ្យកាន់តែងាយស្រួល មានប្រវែងជាង ១៤០ម៉ែត្រ ហើយប្រើប្រាស់រួមគ្នាជាមួយម្ចាស់ដីម្ខាងទៀតរហូតមក។

ស្រាប់តែពេលថ្មីៗនេះ លោកស្រី មីន កុអាន់ណា ដោយមិនចង់ឱ្យមានការធ្វើដំណើរកាត់មុខផ្ទះរបស់ខ្លួនទើបសាងសង់សម្រាប់រស់នៅនោះ លោកស្រី បានបិទផ្លូវនេះប្រវែងជាង ៤០ម៉ែត្រ ដែលជាផ្លូវចូលទៅខាងក្រោយដី ហើយរក្សាផ្លូវចូលពីខាងមុខសម្រាប់ការប្រើប្រាស់រួមដដែល។ ចំពោះការបិទផ្លូវប្រវែងប្រមាណ ៤០ម៉ែត្រនេះ ក៏មិនបានប៉ះពាល់ដល់ការធ្វើដំណើរចូលទៅដីរបស់លោកស្រី ហាក់ លីណា នោះដែរ ព្រោះថាផ្លូវពីខាងមុខដែលរក្សានោះ គឺអាចធ្វើដំណើរចូលដល់ដីរបស់លោកស្រី ហាក់ លីណា។

ការបិទផ្លូវដែលលោកស្រី ហាក់ លីណា ធ្លាប់សុំធ្វើដំណើរនេះហើយជាហេតុនាំឱ្យមានជម្លោះនេះឡើង និងឈានដល់ការស្វែងរកកិច្ចអន្តរាគមន៍ពីអភិបាលខេត្ត។

លោក ម៉ៅ ធនិន បានចំណាយពេលជាងពីរម៉ោង ដើម្បីសម្របសម្រួលលើបញ្ហានេះ។ លោក បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលបានដឹងឮប្រវត្តិដីធ្លីនៅតំបន់នោះ ឡើងបញ្ជាក់ម្តងម្នាក់ៗ ហើយបានអនុញ្ញាតឱ្យភាគីជម្លោះទាំងសងខាងឡើងបង្ហាញនូវសំណូមពររបស់ខ្លនផងដែរ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះ សុទ្ធតែបានទទួលស្គាល់ថាដីផ្លូវធ្វើដំណើរដែលមានជម្លោះនេះ គឺត្រូវបានលោកស្រី មីន កុអាន់ណា ទិញហើយរៀបចំសម្រាប់ធ្វើដំណើរចូលទៅក្នុងដីរបស់ខ្លួន។

បើទោះបីជាយ៉ាងណាក្នុងកិច្ចសម្របសម្រួលរយៈពេលជាងពីរម៉ោងនោះ ភាគីលោកស្រី ហាក់ លីណា មិនព្រមទទួលយក ហើយទាមទារឱ្យភាគីលោកស្រី មីន កុអាន់ណា បើកកំណាត់ផ្លូវប្រវែងជាង ៤០ម៉ែត្រនោះមកវិញ។

ដោយសារតែភាគីទាំងសងខាងមិនអាចសម្របសម្រួលគ្នាបាន លោក ម៉ៅ ធនិន បានសម្រេចឱ្យមន្ត្រីជំនាញរបស់ខេត្ត ធ្វើការវ៉ាស់វែងរកផ្ទៃដីពិតរបស់ភាគីទាំងសងខាងទៅតាមប្លង់ដីដែលអាជ្ញាធរបានកំណត់ ហើយរកពេលវេលាដោះស្រាយជាមួយភាគីជម្លោះជាថ្មី។

បើទោះបីជាយ៉ាងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្របសម្រួលទាំងយប់នោះ បានសម្តែងនូវការគាំទ្រជាខ្លាំងចំពោះដំណោះស្រាយ ដែលលោកអភិបាលខេត្ត ម៉ៅ ធនិន បានដាក់ចេញ។

ពាក់ព័ន្ធនឹងផ្លូវធ្វើដំណើរនេះ ភាគីលោកស្រី ហាក់ លីណា ក៏បានប្តឹងទៅកាន់សាលាដំបូងខេត្តកំពតផងដែរ។ តែតុលាការមិនបានជំទាស់ការសាងសង់របងបិទផ្លូវនេះឡើយ៕

ខាងក្រោមនេះ គឺជាវីដេអូដោះស្រាយជម្លោះដែលធ្វើឡើងកាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ៖