(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភះនេះ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតមួយផ្ញើទៅកាន់ លោកស្រី សុខ លាង ដែលជាភរិយារបស់នាយឧត្តមសេនីយ៍ សុខ សារឿន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងការសោកស្តាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងអំពីមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន។

សម្តេចបានលើកឡើងថា៖ «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្ន ក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត»

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ លោកស្រី សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន៖