(ភ្នំពេញ)៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបានសម្តែងនូវមរណទុក្ខ និងការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ។

ក្នុងសារលិខិតរំលែកមរណទុក្ខផ្ញើទៅកាន់ លោកស្រី សុខ លាង ភរិយារបស់នាយឧត្តមសេនីយ៍ សុខ សារឿន, ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ សុខ សារឿន គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនស្នេហាជាតិមាតុភូមិដ៏សំខាន់មួយរូប ដែលបានតស៊ូ និងធ្វើពលីកម្មរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានប្រឹងប្រែងបំរើជាតិ និងប្រជាជនកម្ពុជាយ៉ាងប្តូរផ្តាច់បំផុត។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកស្រី សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ បានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភះនេះ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ៕