(ភ្នំពេញ)៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ព្រមទាំងសហការី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបានសម្តែងនូវមរណទុក្ខ និងការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ សុខ សារឿន គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនស្នេហាជាតិមាតុភូមិដ៏សំខាន់មួយរូប ដែលបានតស៊ូ និងធ្វើពលីកម្មរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានប្រឹងប្រែងបំរើជាតិ និងប្រជាជនកម្ពុជាយ៉ាងប្តូរផ្តាច់បំផុត។

ឯកឧត្តម អូស្មាន ហាស្សាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាមានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង១០៖៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ»

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន ជាឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ឆ្នើមមួយរូប របស់កម្ពុជា៕