(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅជុំវិញការដ្ឋានសំណង់បូរី ហាយ ធិច ចំប៉ាក្បាលកោះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងគ្រោះដោយជំនន់ទឹកលិចត្រាំត្រែងរាប់ខែ បណ្តាលឲ្យផលដំណាំ លិចផ្ទះសម្បែង និងពិបាកក្នុងការរស់នៅ។

ផ្តើមចេញពីការអនុវត្តន៍គម្រោងសាងសងបូរីហាយធិចនេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជន់លិចផ្ទះសម្បែងនៅជុំវិញទីតាំងបូរីខាងលើ បានដាក់ពាក្យស្នើការអន្តរាគមន៍ពីអាជ្ញាធរ សង្កាត់/ខណ្ឌ ដើម្បីដោះស្រាយបញ្ហាទឹកលិចជូនពួកគាត់ដោយភ្ជាប់មកនៅស្នាមមេដៃរបស់អ្នកភូមិ៤០គ្រួសារ។

បន្ទាប់ពីទទួលបានសំណើរសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ បានកោះហៅភាគីខាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ចូលមកដោះស្រាយនៅសាលាខណ្ឌ ដោយថែមទាំងបានធ្វើកំណត់ហេតុ កិច្ចប្រជុំថែមទៀតផង។ ដំណោះស្រាយលើកទី១ រវាងក្រុមហុ៑ន និងប្រជាពលរដ្ឋ ហាក់ដូចជាមិនទទួលបានផលជាវិជ្ជមាន ទៅតាមអ្វីដែលក្រុមហ៊ុនបានសន្យាជាមួយប្រជាពលរដ្ឋនោះឡើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារដោះស្រាយបញ្ហាវិវាទ រួមជាមួយការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និង ភូមិបាលខណ្ឌ ចុះទៅកាន់ទីតាំងការដ្ឋានសាងសង់ ដើម្បីពិនិត្យមើលជាក់ស្តែង ដោយមានតំណាងក្រុមហុ៑ន រួមនិងតំណាងប្រជាពលរដ្ឋចូលរួមផងដែរ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិចដីដំណាំ និងផ្ទះ ដោយពួកគាត់ចោទប្រកាន់ថា ទឹកជន់លិចនេះ មិនមែនជាជំនន់ទឹកភ្លៀងតាមធម្មជាតិនោះទេ តែទឹកជំនន់ដែលបង្កឡើងដោយសារសកម្មភាពមនុស្ស ពោលគឺបង្កឡើងដោយសកម្មភាព បូមខ្សាច់ចាក់ របស់ម្ចាស់បូរី ហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទុកផ្លូវទឹកសម្រាប់បង្ហូរទឹកចេញ។

ប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរខណ្ឌ ជួយដោះស្រាយជាមួយក្រុមហុ៑ន គឺស្នើសុំអោយក្រុមហុ៑នដាក់ប្រព័ន្ធលូរំដោះទឹកចេញពីភូមិ ស្របទៅតាមស្តង់ដារបច្ចេកទេសនៃសំណង់ និងដាក់ម៉ាសុីនសម្រាប់បូមទឹកចេញ នៅពេលណាដែលមានទឹកជនលិច ។ លើសពីនេះទៀត ស្នើសុំអោយក្រុមហ៊ុនចេញសំណងរាល់ការខូចផលដំណាំរបស់ពួកគាត់ផងដែរ។

ពាក់ព័ន្ធ និងសំណូមពររបស់ប្រជាពលរដ្ឋ តំណាងក្រុមហុ៑ន មិនទាន់ធ្វើការបំភ្លឺបានទេ ដោយនិយាយថា ជាប់រវល់ធ្វើកំណត់ហេតុជាមួយអាជ្ញាធរ៕