(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្តែងការសោកស្តាយរកអ្វីមកប្រៀបផ្ទឹមពុំបានដោយទទួលដំណឹងអំពីមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ នាយឧត្តមសេនីយ៍ សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកស្រី សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕