(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក កៀន តាក់ ដែលជាប្រធានក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឡើងថ្លែងមតិស្វាគមន៍ដល់អង្គពិធីទាំងមូល។

ក្រោយមានមតិស្វាគមន៍ហើយនោះ លោក កៀន តាក់ ក្នុងនាមប្រធានប្រធានក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្តេជ្ញាចិត្តគោរព និងធ្វើតាមតួនាទី និងភារកិច្ច ដែលបានកំណត់មក។

ជាមួយគ្នានេះ លោកបណ្ឌិត ជេត ជាលី បានថ្លែងអបអរសាទរ ចំពោះសមាសភាពក្រុមការងារ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលត្រូវបានតែងតាំងដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈសេចក្តីសម្រេចលេខ ៣៣៥/ស.រ.ស.ស.យ.ក ។

បើតាមលោកបណ្ឌិត ជេត ជាលី បានសង្កត់ធ្ងន់ដែរថា យុវជនមានឥទ្ធិពលណាស់នៅក្នុងសង្គម មិនថាសង្គមកម្ពុជា ឬប្រទេសដទៃទេ។ លោកបន្តថា យុវជន គឺជាកម្លាំងដ៏ធំមួយ និងជាកម្លាំងមិនអាចខ្វះបាននៅក្នុងសង្គម ជាក់ស្តែងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សមិទ្ធិផលដែលទទួលបានទាំងអស់ មិនអាចមានឡើយ បើសិនជាគ្មានការចូលរួមពីយុវជន។

ហេតុនេះហើយ លោកបណ្ឌិតបានថ្លែងផ្តាំផ្ញើឲ្យក្រុមការងារ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីការងារអភិវឌ្ឍសង្គមជាតិ៕