(ព្រះវិហារ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយអប់រំការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីលោកឧកញ៉ា វាន់ ស៊ូអៀង។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ លោកឧកញ៉ា វាន់ ស៊ូអៀង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីមីន និងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា «ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ចាត់ចែងការងារវិស័យសកម្មភាពមីន នៅគ្រប់តំបន់ ដែលរងការគម្រាមកំហែងដោយសារគ្រាប់ទាំងនោះ ប្រកបដោយប្រសិទ្ធភាព។ ទោះបីមានកិច្ចខិតខំប្រឹងប្រែង លើការងារបោសសម្អាតមីននិងគ្រាប់យ៉ាងណាក៏ដោយ ការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតែមានជាប្រចាំ ដោយកត្តាមួយចំនួនរួមមាន៖ ការលេង ឬច្នៃគ្រាប់ ឈរមើលគេលេងគ្រាប់ សម្អាតដីធ្វើកសិកម្ម ចូលព្រៃកាប់ឈើ រកស្បៀងអាហារ ធ្វើកសិកម្ម ដោះមីនក្រៅផ្លូវការ ដុតព្រៃ និងធ្វើដំណើរឆ្លងកាត់តំបន់មិនស្គាល់ច្បាស់ ជាដើម»

លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខសុវត្ថិភាព និងការកាត់បន្ថយអត្រាគ្រោះថ្នាក់របស់ប្រជាពលរដ្ឋមូលដ្ឋានដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាពិសេសការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ដើម្បីចូលរួមថែរក្សាសន្តិភាព និងបូរណភាពទឹកដី។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ស្រុកជាំក្សាន្ត គឺជាអតីតសមរភូមិ និងជាស្រុករងផលប៉ះពាល់ខ្ពស់ជាងគេដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងខេត្តព្រះវិហារ គិតត្រឹមឆ្នាំ២០២១នេះ ផ្ទៃដីមានមីន/គ្រាប់នៅស្រុកជាំក្សាន្តប្រមាណជាង ១១២ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧៨% នៃផ្ទៃដីទូទាំងខេត្តព្រះវិហារប្រមាណ ១៤៣ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយបានរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២៤ ៨២៧ គ្រាប់ មីនតោនចំនួន ២៤១ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៤៤ ០១៥ គ្រាប់។

លោកបន្តទៀតថា ស្រុកជាំក្សាន្ត មានអត្រាគ្រោះថ្នាក់ខ្ពស់ជាងគេក្នុងខេត្តព្រះវិហារ មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុប ១៣១៨ នាក់ ក្នុងនោះដោយសារមីនមានចំនួន ១០៤២នាក់ ស្មើនឹង ៤៤% នៃជនរងគ្រោះទូទាំងខេត្តព្រះវិហារដែលមានជនរងគ្រោះចំនួន ២៩៩៥នាក់។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា គ្រាន់តែខែមករា ឆ្នាំ២០២២ នេះ ស្រុកជាំក្សាន្ត បានរងនូវសោកនាដកម្មយ៉ាងរន្ធត់ មានគ្រោះថ្នាក់ចំនួន ២ករណី បានកើតឡើងក្នុងថ្ងៃតែមួយគឺថ្ងៃទី១០ នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ០៤នាក់ និងរងរបួស ២នាក់៖ ទី១៖ គ្រោះថ្នាក់ដោយសារមីនតោន បណ្តាលឱ្យអ្នកដោះមីននៃអង្គការដោះមីនកម្ពុជាបាត់បង់ជីវិតចំនួន ៣នាក់ និងរងរបួសចំនួន ២នាក់ និងទី២៖ គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បណ្តាលឱ្យនាយទាហាននៃកងពលតូចអន្តរាគមន៍លេខ៩ ១នាក់ បានបាត់បង់ជីវិត។

ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ មិនត្រូវប្រថុយប្រថានចូលទៅតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត ហើយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ប្រតិបត្តិករបោសសម្អាតមីន ឬសមត្ថកិច្ចនគរបាលជាបន្ទាន់ នៅពេលបានឃើញ បានដឹងពីកន្លែងមានមីន សំណល់ជាតិផ្ទុះពីសង្គ្រាមនេះ។