(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងមូល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភះនេះ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ។

នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសម្តែងការសោកស្តាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងអំពីមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ នាយឧត្តមសេនីយ៍ សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកស្រី សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។

នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕