(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាឲ្យស្ថាប័នរដ្ឋទាំងអស់ ត្រូវពន្យារពេលលើគម្រោងចំណាយផ្សេងៗ ដែលមិនទាន់ចាប់ផ្ដើមសាងសង់ដោយត្រូវរង់ចាំឆ្លងផុតដំណាក់កាលកូវីដ១៩សិន ហើយត្រូវត្រៀមបម្រុងលុយទុក។

នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់មន្ដ្រីរាជការទាំងអស់ ត្រូវកាត់បន្ថយការចំណាយផ្សេងៗ ដែលមិនចាំបាច់ ព្រោះរាជរដ្ឋាភិបាលកំពុងខ្វះខាតថវិកា ពេលកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យឧបនាយករដ្ឋមន្ដ្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគ្រប់គ្រងការចំណាយទាំងអស់ ឲ្យបានម៉ឺងម៉ាត់បំផុតនៅក្នុងដំណាក់កាលនេះ គ្រាដែលរាជរដ្ឋាភិបាលត្រូវការថវិកាបន្ដទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឲ្យយកចិត្តទុកដាក់ សន្សំសំចៃថវិកា កន្លែងណាដែលត្រូវចាយ គម្បីចាយ កន្លែងណាដែលមិនគម្បីចាយ គឺផ្អាកចាយសិនទៅ ឬកុំចាយ ឬពន្យារការចាយសិន ដើម្បីធានាឲ្យមានតុល្យភាពរវាងក្បាលចេញ និងក្បាលចូល កុំឲ្យបាត់តុល្យភាពខ្លាំងពេក ធ្វើឲ្យប្រាក់យើងសន្សំជួបការលំបាក»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ផែនការកសាងទាំងឡាយបើពន្យារពេលបាន គឺត្រូវតែពន្យារពេលជាបណ្ដោះអាសន្នសិន ហើយថ្នាក់ក្រោមជាតិក៏ដូចគ្នាដែរ មិនមែនចេះតែលើកសំណើមករដ្ឋមន្ដ្រីនោះទេ ជាហេតុធ្វើឲ្យរដ្ឋមន្ដ្រីទើសទាល់ ទើបបញ្ជូនទៅសុំការសម្រេចពីនាយករដ្ឋមន្ដ្រី។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «ផែនការខ្លះបើពន្យារបាន គឺពន្យារ។ ខ្ញុំសូមឲ្យរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រប់គ្រងត្រង់ចំណុចនេះឲ្យបានម៉ឺងម៉ាត់ ព្រោះខ្ញុំមិនអាចអស់ទុនបម្រុងរបស់ខ្លួន សម្រាប់ការប្រយុទ្ធននោះទេ ហើយចេះតែចាយ។ ខ្ញុំសូមស្នើទាំងអស់គ្នានៅទីនេះ សូមកុំលើកសំណើ ហើយអ្នកនៅខាងក្រោមនោះទៀត កុំរពិសដៃលើកសំណើមក រដ្ឋមន្ត្រីទើសទាល់ក៏ស៉ីញេរ មកដល់នាយករដ្ឋមន្ដ្រីត្រូវបោះទៅរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច»

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានសម្ដែងនូវការហួសចិត្ត ចំពោះអង្គភាពមួយដែលសម្ដេចមិនបានបញ្ចេញឈ្មោះនោះទេ ដោយបានដាក់សំណើមករាជរដ្ឋាភិបាល ដើម្បីសុំថវិកាសម្រាប់ទិញរថយន្ដពីរគ្រឿង ដើម្បីចុះមូលដ្ឋាន ប៉ុន្ដែសំណើនោះត្រូវសម្ដេចច្រានចោល ក្រោមហេតុផលថា រាជរដ្ឋាភិបាលត្រូវការថវិកាដើម្បីប្រើប្រាស់លើការងារចាំបាច់ ជាងការទិញរថយន្ដ២គ្រឿងនេះ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានរំលឹកថា កាលពីមិនទាន់មានជំងឺកូវីដ១៩ ចំណូលរបស់រដ្ឋបានមក៣ភាគ ហើយ២ភាគផ្គត់ផ្គង់លើការងារចំណាយផ្សេងៗ ហើយសល់មួយភាគទៀត សម្រាប់សន្សំទុក ប៉ុន្ដែក្នុងដំណាក់កាលនេះ ចំណាយច្រើនជាងកាលពីពេលមុន។

បើទោះបីរាជរដ្ឋាភិបាលបានបង្កើននូវខ្ទង់ចំណាយច្រើន ដែលទាមទារឲ្យតាមបណ្ដាស្ថាប័នរដ្ឋផ្សេងៗ កាត់បន្ថយការចំណាយនោះ ប៉ុន្ដែសម្ដេចបានអះអាងច្បាស់ៗថា រាជរដ្ឋាភិបាលមិនទាន់ខ្វះខាតថវិកាដើម្បីបើកប្រាក់បៀវត្សជូនមន្ដ្រីរាជការនោះទេ ពោលនៅបន្ដបើកធម្មតា ហើយមួយខែបើក២ដងថែមទៀតផង។ លើសពីនេះបើកប្រាក់ជូនមន្ដ្រីចូលនិវត្តន៍ ក៏នៅបន្ដបើក។ បន្ថែមពីនេះ ការឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ក្នុងដំណាក់កាលកូវីដ គឺនៅបន្ដធម្មតាដូចគ្នាផងដែរ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលនៅបន្ដចិញ្ចឹមអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាលបាននៅតាមមន្ទីរពេទ្យ និងអ្នកដែលនៅក្នុងមណ្ឌលចត្តាឡីស័កជាដើម៕