(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីការចង់ឲ្យមានការតែងតាំងខ្មែរឥស្លាម ជាថ្នាក់ដឹកនាំខេត្ដ ក្រុង ស្រុក ខណ្ឌ យ៉ាងហោចណាស់ត្រឹមអភិបាលរងម្នាក់ នៅកន្លែងដែលមានខ្មែរឥស្លាមរស់នៅច្រើន ដើម្បីងាយស្រួលដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងនៅតំបន់នោះ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នេះរបស់សម្ដេចមិនមែនជាការកំណត់កូតានោះទេ ប៉ុន្ដែជាបញ្ហាទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រួលដល់ការធ្វើការងារ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យយកចិត្តទុកដាក់នោះ គឺស្ថានភាពបោះចម្រុះនៅផ្នែកខាងក្នុង ដែលមានបងប្អូនជនជាតិខ្មែរឥស្លាមរស់នៅយ៉ាងច្រើនតាមបណ្ដាខេត្ត និងស្រុកមួយចំនួន។ ខ្ញុំស្នើឲ្យបណ្ដាខេត្តដែលមានបងប្អូនឥស្លាមរស់នៅច្រើន យកចិត្តទុកដាក់រៀបចំដើម្បីឲ្យមាន ហោចណាស់អភិបាលរងម្នាក់ នៅក្នុងខេត្តដែលមានប្រជាជនច្រើន។ ហើយបើមានសមត្ថភាពធ្វើទៅបានធ្វើអភិបាលស្រុក ឬខណ្ឌ ដែលមានបង ប្អូនឥស្លាមច្រើន»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅពេលរាជរដ្ឋាភិបាលផ្ទេរការងារពីថ្នាក់ជាតិ ទៅកាន់ថ្នាក់ក្រោមជាតិនោះ កិច្ចការនៅថ្នាក់ក្រោមជាតិកាន់តែមានច្រើនជាងមុន ដូច្នេះហើយបានជាគណៈអចិន្ដ្រៃយ៍ ប្រគល់ភារកិច្ចជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើវិសោធនកម្មច្បាប់ ទាក់ទងជាមួយនឹងការបង្កើនចំនួនកៅអី សម្រាប់គណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ។

ក្នុងន័យនេះ សម្ដេចបានសង្កត់ធ្ងន់ថា ខេត្ត ក្រុង ស្រុក ខណ្ឌណា ដែលមានខ្មែរឥស្លាមរស់នៅច្រើន គម្បីមានអភិបាលរងម្នាក់នៅក្នុងនោះ។ ការធ្វើបែបនេះ ដើម្បីងាយស្រួលដល់ទំនាក់ទំនងបែបសហគមន៍ និងជាផ្នែកមួយ នៃសុខដុមនីយក្នុងចំណោមជាតិសាសន៍របស់កម្ពុជា។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់និស្សិត ឬមន្ដ្រីជាជនជាតិខ្មែរឥស្លាម ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ព្រោះបើគ្មានសមត្ថភាពគ្រប់គ្រាន់ក៏មិនអាចកាន់តំណែងនេះបានដូចគ្នា ពោលមិនមែនយកមកដាក់ដើម្បីតែបង្គ្រប់កិច្ចនោះទេ។ សម្ដេចក៏បានណែនាំឲ្យបណ្ដាខេត្តដែលមានខ្មែរឥស្លាម ត្រូវពិនិត្យរៀបចំ តើមានស្រុកប៉ុន្មាននៅក្នុងខេត្តរបស់ខ្លួនដែលគម្បីត្រូវរៀបចំ ហើយលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលក្ខណៈសម្បត្តិតែងតាំងមន្ដ្រីទាំងនោះនៅពេលក្រោយ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ខេត្តដែលមានបងប្អូនខ្មែរឥស្លាមច្រើនមានមិនច្រើនទេ ក្នុងនោះមានខេត្តកំពង់ចាម ក្រចេះ កំពង់ធំ ពោធិ៍សាត់ កំពត និងរាជធានីភ្នំពេញជាដើម។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា កាលដែលសម្ដេចណែនាំឲ្យធ្វើបែបនេះ ដើម្បីងាយស្រួលដល់ការបំពេញកិច្ចការងារផ្សេងៗ ពិសេសនៅតំបន់ដែលមានខ្មែរឥស្លាមរស់នៅច្រើន ក្នុងករណីមានបញ្ហាអ្វីកើតឡើង អ្នកដែលដើរតួសំខាន់ក្នុងការសម្របសម្រួល គឺថ្នាក់ដឹកនាំជាខ្មែរឥស្លាមផ្ទាល់តែម្ដង ដែលត្រូវចេញមុខមុនគេដើម្បីដោះស្រាយ៕