(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវឲ្យគ្រប់ ក្រុមហ៊ុននានា ដែលជំពាក់ការបង់ពន្ធចំពោះរាជរដ្ឋាភិបាល សូមមេត្ដាប្រញាប់ប្រញាល់មកបង់ពន្ធ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវឲ្យគ្រប់ក្រុមហ៊ុនទាំងអស់ បំពេញកាតព្វកិច្ចពន្ធដារ កុំឲ្យជំពាក់។ ខ្ញុំឃើញថា តួលេខបំណុលមួយចំនួន ដែលក្រុមហ៊ុនបានជំពាក់ចំពោះរដ្ឋ ក៏នៅសល់ច្រើន»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តួលេខបំណុលដែលក្រុមហ៊ុន បានជំពាក់ចំពោះរាជរដ្ឋាភិបាល ឃើញថា នៅសល់ចំនួនច្រើន ដូច្នេះក្រុមហ៊ុនទាំងអស់ សូមមេត្ដាប្រញាប់ប្រញាល់មកបង់ពន្ធ។

សូមបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមាន២៨៨.២៣ លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថា កើនឡើងប្រមាណជា៧១.០៣លានដុល្លារ ស្មើនឹង៣២.៧០%។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ៥ប្រភេទ មានកំណើនឡើង គួរឲ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះ៖

* ពន្ធលើប្រាក់ចំណូលមានចំនួន ១៨៧.២១ ប៊ីលានរៀល (កើនឡើង ១៣.៥៦ ប៊ីលានរៀល ស្មើនឹង ៧.៨១%)
* អាករលើតម្លៃបន្ថែម មានចំនួន ២៨៤.៣៧ ប៊ីលានរៀល (កើនឡើង ៥៨.៨២ ប៊ីលានរៀល ស្មើនឹង ២៦.០៨%)
* អាករពិសេសមានចំនួន ១០៧.៤៨ ប៊ីលានរៀល (កើនឡើង ៣០.៣៨ ប៊ីលានរៀល ស្មើនឹង ៣៩.៤០%)
* ពន្ធលើប្រាក់បៀវត្សមានចំនួន ១១០.២១ ប៊ីលានរៀល (កើនឡើង ១៩.០២ ប៊ីលានរៀល ស្មើនឹង ២០.៨៦%)
* ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៩០.០៣ប៊ីលានរៀល (កើនឡើង ៣៦.៤៦ ប៊ីលានរៀល ស្មើនឹង ៦៨,០៧%)៕