(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការហើយ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានអាណាព្យាបាល ឪពុក ម្តាយ ជីដូនជីតា នាំកូន ចៅរបស់ពួកគាត់ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើន នៅតាមទីតាំង ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំង មណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ជូនដល់កុមារ ដែលមានអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ និងបានសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ចំណែកនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកចតុមុខ នៅមន្ទីរពេទ្យបង្អែកដង្កោ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនទៀត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ នេះ បានដំណើរការព្រមៗគ្នា ជាមួយនឹងកុមារជាច្រើននាក់ទៅទទួលការចាក់វ៉ាក់សាំងនេះយ៉ាងច្រើនដូចគ្នាផងដែរ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងសេចក្តីជូនដំណឹងនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ នៅតាមទីតាំងដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ៕