(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានព្រមានដុតកម្ទេចចោល រថយន្តគ្មានពន្ធប្រមាណ៥ពាន់គ្រឿង ដែលមិនព្រមចូលមកបង់ពន្ធ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នាសណ្ឋាគារសុខា ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលដែលប្រកាសបើកឲ្យរថយន្តអត់ពន្ធទាំងចង្កួតស្តាំ និងឆ្វេងចូលមកបង់ពន្ធត្រឹមត្រូវ មកដលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មានរថយន្តអត់ពន្ធចំនួន៥៩៩៣គ្រឿង ដែលទទួលបានចំណូលចំនួន ៥១.៦លានដុល្លារអាមេរិក ហើយតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រថយន្តអត់ពន្ធប្រមាណជាង៥ពាន់គ្រឿងទៀត ដែមិនទាន់មកបង់ពន្ធ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានយ៉ាងដូច្នេះថា «អ្នកដែលមិនទាន់ចូលបង់ពន្ធប្រហែលជា៥ពាន់គ្រឿងរថយន្តទៀត សូមចេញមកបង់ពន្ធប្រយ័ត្នតែដល់ពេលថ្ងៃណាមួយ ខ្ញុំបញ្ជាឲ្យដុតឡានចោលតែម្តង កុំឲ្យពិបាកពេក [...] ដើម្បីឲ្យនៅលើផ្លូវកុំឲ្យមានឡានផ្លាកលេខក្លែងក្លាយ ពេលណាមួយយកធ្វើជាគំរូដុតឡានតែម្តង ទោះថ្លៃប៉ុណ្ណាដុតឲ្យរាង។ ឥឡូវសូមអំពាវនាវអ្នកដែលមិនទាន់បានបង់ពន្ធចេញមកបង់ពន្ធ តែអត់មានអនុគ្រោះ១០ភាគរយទេ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុគ្រោះ១០ភាគរយ ប៉ុន្តែផុតថ្ងៃអនុគ្រោះគឺត្រូវបង់ពន្ធពេញ ហើយបើរកឃើញហើយ នៅក្នុងផ្ទះអ្នកណាក៏ដោយ គឺត្រូវតែយក»

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្តន៍ការប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តល់ការអនុគ្រោះពន្ធ១០ភាគរយ សម្រាប់ម្ចាស់យានយន្តដែលមកបង់ពន្ធត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នៅពេលផុតរយៈពេលនេះ គឺម្ចាស់រថយន្តនៅតែអាចមកបង់ពន្ធបានតែមិនមានការអនុគ្រោះទេ ត្រូវបង់ពន្ធពេញ១០០ភាគរយ។ ជាមួយគ្នានេះ អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបតាមដងផ្លូវ ចំពោះរថយន្តអត់ពន្ធផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕