(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជាកាន់អំណាច គឺមិនមានការយកពន្ធដីកសិកម្ម ពីកសិករនោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំដល់អ្នកដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជំនាន់ក្រោយ មិនឲ្យយកពន្ធដីកសិកម្មពីកសិករនោះដែរ។ សម្តេចថ្លែងបែបកំប្លែងថា បើមានមេដឹកនាំជំនាន់ក្រោយរបស់គណបក្សប្រជាជនណា ហ៊ានយកពន្ធដីកសិកម្មពីកសិករ វិញ្ញាណសម្តេចនឹងដាក់បណ្តាសារ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ដឹកនាំតាំងពីឆ្នាំ១៩៧៩ ហើយបើគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំតទៅទៀត ពន្ធដីស្រែ ពន្ធដីចម្ការ ពន្ធដីកសិកម្មរបស់ប្រជាពលរដ្ឋ ក៏នៅតែមិនយក។ បើសិនមេដឹកនាំជំនាន់ក្រោយ យកពន្ធដីស្រែ បើវិញ្ញាណខ្ញុំដឹង ខ្ញុំនឹងដាក់បណ្តាសារ។ ព្រោះនេះជានយោបាយរបស់ខ្ញុំតាំងពីដើមមក ដែលខ្ញុំមិនយកពន្ធដីស្រែពីកសិករទេ ខ្ញុំមិនយកពន្ធដីកសិកម្ម ពីកសិករទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកពន្ធពីដីកសិកម្ម មិនអាចធ្វើឱ្យរដ្ឋក្លាយជាអ្នកមានទេ ដូច្នេះសូមទុកឱ្យកសិករក្លាយជាអ្នកមានទៅចុះ។ សម្តេចតេជោ បានរំលឹករឿងភូមិតិរច្ឆាន នៅខេត្តកំពង់ឆ្នាំង ដែលពលរដ្ឋខ្មែរបះបោរសម្លាប់បារាំង ដោយសារតែការយកពន្ធលើដីស្រែ។

ទោះបីជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរួមគ្នាគាំទ្រដល់អ្នកប្រមូលចំណូលជូនរដ្ឋ ដូចជាអង្គភាពគយ និងពន្ធដារជាដើម។ ក្នុងនោះដែរ សម្តេចប្រកាសឈប់អត់ឱនការយកពន្ធ សម្រាប់អ្នកជិះរថយន្តគេចពន្ធ ដែលជ្រកក្រោមស្លាកលេខរដ្ឋជាដើម៕