(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២១ មានប្រជាពលរដ្ឋរស់នៅ ១៣,៨១៨ភូមិស្មើនឹង៩៧.៥៣% មានអគ្គិសនីប្រើប្រាស់ ខណៈចំនួន៣៥០ភូមិ ស្មើនឹង ២.៤៧% នៃចំនួនភូមិសរុបទូទាំងប្រទេស ដែលពុំទាន់មានខ្សែបណ្តាញទៅដល់។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែស្ថានភាពលំបាកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅឆ្នាំ២០២១ បានធ្វើឱ្យគម្រោងផែនការពង្រីកការផ្គត់ផ្គង់អគ្គិសនី ដល់ភូមិដែលពុំទាន់មានអគ្គិសនីប្រើប្រាស់មានការយឺតយ៉ាវ ឬត្រូវពន្យាពេលអនុវត្តគម្រោង។

បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីបានឱ្យដឹងថា គិតមកត្រឹមចុងឆ្នាំ២០២១ ព្រំដែននៃអាជ្ញាបណ្ណ ដែលផ្តល់ដោយឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយធ្វើការវិនិយោគ និងការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងឯកជន មានចំនួន១៤,១៥១ភូមិ ស្មើនឹង៩៩.៨៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស។

អាជ្ញាធរអគ្គិសនីបានបញ្ជាក់ថា «ភូមិដែលបានសាងសង់ខ្សែបណ្តាញរួចទាំង ១៣,៨១៨ភូមិ មានចំនួន ១៣,៧០៥ភូមិ ទទួលប្រភពផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិ មានចំនួន ១១១ភូមិ ទទួលប្រភពពីប្រទេសជិតខាង និងមានចំនួន ២ភូមិ ទទួលប្រភពពីម៉ាស៊ីនវៃសែលតូចៗ។ ដោយឡែកចំពោះភូមិចំនួន៣៥០ ដែលពុំទាន់មានខ្សែបណ្តាញអគ្គិសនីទៅដល់ ភាគច្រើនឋិតនៅតំបន់កោះតំបន់លិចទឹកនៅរដូវវស្សា តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់បណ្តែតទឹកតំបន់ឆ្ងាយដាច់ស្រយាលដែលមានប្រជាជនរស់នៅរាយប៉ាយ»

ទន្ទឹមនឹងនេះក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បាននឹងកំពុងស្វះស្វែងរកលទ្ធភាពផ្គត់ផ្គង់អគ្គិសនី តាមរូបភាពជាប្រព័ន្ធបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar Mini-Grid System) និងគម្រោងផ្តល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar Home System) ដើម្បីបំពាក់ជូនភូមិដែលមិនទាន់មានខ្សែបណ្តាញទៅដល់។

ជាក់ស្ដែងក្នុងឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានទទួលជំនួយពីអង្គការ UNDP ប្រចាំកម្ពុជា នូវប្រព័ន្ធបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ដល់ភូមិចំនួន៣ គឺភូមិស្ទឹងជ្រៅ ភូមិព្រែកស្ពាន ឋិតក្នុងឃុំកំពង់ព្រះគគីរ និងភូមិតាដោក ឋិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ខណៈដែលអគ្គិសនីកម្ពុជា មានគម្រោងផ្តល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យសម្រាប់តម្លើងតាមផ្ទះ(Solar Home System) ចំនួន ១០,០០០ប្រព័ន្ធផងដែរ។

បើតាមប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានទទួលស្គាល់ថា មកដល់ឆ្នាំ២០២០ ដល់ឆ្នាំ២០២១ គឺមានបញ្ហារអាក់រអួលដាច់ចរន្តរអគ្គិសនី និងបញ្ហាគុណភាពអគ្គិសនី នៅតាមតំបន់មួយបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅមានតំបន់មួយចំនួនបែរជានៅតែបន្តកើតមាន និងមានតំបន់មួយចំនួនទៀត ជាបញ្ហាប្រឈមកើតមានថ្មី ដូច្នេះបញ្ហាស្ថិរភាព និងបញ្ហាគុណភាពនៅតែជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយ។

បន្ថែមពីនេះ លោក យឹម ពិសិដ្ឋ បានបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួនទៀតក៏នៅតែកើតមានដូចជា ការជំពាក់ថ្លៃទិញអគ្គិសនី, ការយឺតយ៉ាវក្នុងការពង្រីកការផ្គត់ផ្គង់ទៅកាន់តំបន់ពុំទាន់មានអគ្គិសនីប្រើ, ការកត់ត្រាព័ត៌មានអំពីការដាច់ចរន្តអគ្គិសនី ពុំទាន់អនុវត្តឱ្យបានពេញលេញ។

លោក យឹម វិសិដ្ឋ បានបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជាមានការងារសំខាន់២ ដែលត្រូវអនុវត្តន៍រួមមានទី១៖ ការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនី និងទី២៖ ការកែលម្អការផ្ដល់សេវាអគ្គិសនី ឱ្យអ្នកប្រើប្រាស់។

លោកបានបន្តថា គោលដៅនៃការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ប្រទាក់គ្នាប្រមូលផ្ដុំប្រភពអគ្គិសនី ដែលបានអភិវឌ្ឍទាំងអសបញ្ចូលគ្នា រួចធ្វើការបែងចែកនិងអភិវឌ្ឍប្រភពអគ្គិសនី បញ្ចូលក្នុងប្រព័ន្ធជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានប្រភពអគ្គិសនី កើនឡើងទាន់តាមកំណើននៃតម្រូវការ។

បន្ថែមពីនេះ លោក យឹម ពិសិដ្ឋ បានបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួនទៀតក៏នៅតែកើតមានដូចជា ការជំពាក់ថ្លៃទិញអគ្គិសនី, ការយឺតយ៉ាវក្នុងការពង្រីកការផ្គត់ផ្គង់ទៅកាន់តំបន់ពុំទាន់មានអគ្គិសនីប្រើ, ការកត់ត្រាព័ត៌មានអំពីការដាច់ចរន្តអគ្គិសនីពុំទាន់អនុវត្តឱ្យបានពេញលេញ។ល។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះ បានបន្ថែមថា ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងរ៉ែ និងថាមពល បានកំណត់ផែនការសកម្មចំនួន៣ ដើម្បីអនុវត្តដូចជា៖

ទី១៖ ជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាព ផលិតបញ្ជូន ចែកចាយ និងការតភ្ជាប់ បណ្ដាញឱ្យអ្នកប្រើប្រាស់អគ្គិសនី ឱ្យទាន់តាមផែនការកំណត់។

ទី២៖ ជំរុញការកែលម្អការផ្ដល់សេវាអគ្គិសនី ឱ្យអ្នកប្រើប្រាស់ឱ្យរឹតតែ ខ្លាំងធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីមានគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ។

ទី៣៖ ពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍនិងការផ្ដល់សេវាអគ្គិសនី ឱ្យរឹតតែ មានប្រសិទ្ធភាពដោយយកចិត្តទុកដាក់លើការពង្រឹងយន្តការស្ថាប័ន យន្តការវិនិយោគ យន្តការអាជីវកម្ម យន្តការបរិស្ថាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ៕