(ភ្នំពេញ)៖ អង្គការ WCS និងនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ ក្នុងវិស័យរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញដោះស្រាយរឿងក្តីជួញដូរសត្វព្រៃអន្តរជាតិ សម្រាប់ព្រះរាជអាជ្ញា និងចៅក្រមកម្ពុជា»

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ខៀវ សុផានី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងលោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះចែកចេញជាពីវគ្គ ដែលក្នុងមួយវគ្គមានរយៈពេលពីរថ្ងៃកន្លះ និងមានព្រះរាជអាជ្ញានិងចៅក្រមមកពី២៥ ខេត្ត-រាជធានី សរុបចំនួន ៥០រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងពីរ។

នេះគឺជាវគ្គបណ្តុះបណ្តាលលើកដំបូង ដែលបានរៀបចំជូនព្រះរាជអាជ្ញា និងចៅក្រមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងកសាងសម្ថតភាព ដល់ព្រះរាជអាជ្ញា និងចៅក្រមឱ្យមានចំណេះដឹងមូលដ្ឋានបន្ថែម អំពីការជួញដូរសត្វព្រៃ និងពង្រឹងជំនាញ ក្នុងការកាត់ក្តីបទល្មើសជួញដូរសត្វព្រៃ ប្រកបដោយប្រសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀន និងការអនុវត្តច្បាប់អន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។

លោកបណ្ឌិត កែន សេរីរដ្ឋា បានគូសបញ្ជាក់ថា៖ «ការជួញដូរសត្វព្រៃជាលក្ខណៈអន្តរជាតិ គឺជាការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែងធំៗជាច្រើនចំពោះការងារអភិរក្សជីវៈចម្រុះ»

លោកបានបន្ថែមថា «តុលាការដើរតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ អង្គការ WCS ប្តេជ្ញា និងបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការជួញដូរសត្វព្រៃ និងកសាងនូវពិភពលោកមួយ ដែលសត្វព្រៃនិងមនុស្សអាចរស់នៅ ដោយសុខដុមរមនាជាមួយគ្នាបាន»