(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានចាត់ឱ្យលោក ឯក ឃុនដឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ នាំយកថវិកា ចំនួន១៤លានរៀល និងក្រម៉ា ចំនួន៣, ៥០០០ក្រម៉ា ឧបត្ថម្ភដល់តាមបណ្ដាគណបក្សប្រជាជនកម្ពុជា សង្កាត់ទាំង៧ (១សង្កាត់២លានរៀល និងក្រម៉ា៥០០ក្រម៉ា) បន្ទាប់ពីឧបត្ថម្ភថវិកា ចំនួន៥០ម៉ឺនរៀលផ្សេងទៀត ដល់លោក ស្ដើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ដែលមានបញ្ហាសុខភាព និងកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ឯក ឃុនដឿន ក្នុងសកម្មភាពសមធម៌ចែករំលែកនេះ បានឆ្លៀតឱកាសជុំរុញឱ្យប្រធានគណៈកម្មាធិកាគណបក្សសង្កាត់ទាំងអស់ យកចិត្តទុកដាក់លើកការពង្រឹងការងាររដ្ឋបាល និងការខិតខំកសាងសមាជិកគណបក្សបន្ថែមទៀត សំខាន់ធ្វើយ៉ាងណាធានាបម្រើសេវាឱ្យបានល្អប្រសើរដោយ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងតម្លាភាព» ដើម្បីបម្រើជូនប្រជាពលរដ្ឋ ក្នុងការឈានទៅដណ្តើមយកជ័យជំនះ នាថ្ងៃបោះឆ្នោត នាពេលខាងមុខ ជូនគណបក្ស ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕