(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ឧត្ដមភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៨៤ឆ្នាំ ឈានចូល៨៥ឆ្នាំ នាពេលនេះ។

ក្នុងសារលិខិតនេះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានថ្លែងថា៖

«សម្ដេច ធម្មវិសុទ្ធវង្សា ជាទីគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់ សម្តេច ធម្មវិសុទ្ធវង្សា តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលការពារព្រះបរម រាជវាំងទាំងអស់ ខ្ញុំបាទសូមគោរពជូនសព្ទសាធុការពរ ប្រកបដោយមនោសញ្ចេតនាគោរព ស្រឡាញ់ និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំបាទសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមលោកជួយបីបាច់រក្សាការពារ សម្តេច ធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រ ចៅៗទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេច ធម្មវិសុទ្ធវង្សា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ»