(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារី ខេត្តកំពង់ធំ បានថ្លែងថា ស្ត្រីទាំងអស់ត្រូវតែមានភាពរឹងមាំ និងក្លាហានដើម្បីចូលរួមបម្រើសង្គមជាតិ។

ការថ្លែងបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ជាស្ត្រីក្នុងខេត្តកំពង់ធំ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ដោយមានការអញ្ជើញចូលរួមពីលោកស្រី លឹម ផល្លា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ, លោក ញ៉ឹក បានខេង អភិបាលរងខេត្ត សមាជិកាក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រមាណជា១៥០នាក់។

លោកស្រីបានបន្តថា «ថ្ងៃនេះយើងមានមោទនភាព ដើម្បីពង្រឹងនូវចំណេះដឹងដល់ស្ត្រីយើង ហើយជំរុញឱ្យស្ត្រីទាំងអស់មានភាពក្លាហាន មានជំនាញមានចំណេះដឹង ដើម្បីបានចូលរួមគ្រប់សកម្មភាពរបស់សង្គម ទោះបីជាពេលខ្លះនារីរបស់យើង មានការលំបាកក៏ពិតមែន ក៏ប៉ុន្តែ ក្នុងនាមរាជរដ្ឋាភិបាល ដែលមានលោកស្រី ម៉ែន សំអន ជាប្រធានបានខិតខំធ្វើយ៉ាងណាឱ្យស្ត្រីមានតួនាទីស្នូល និងសំខាន់បំផុតសម្រាប់សង្គមជាតិឱ្យមានការទទួលខុសត្រូវ»។

លោកស្រី ឃួន ឃុនឌី បានបន្តថា ការបន្តពង្រឹងភាពអង់អាចរបស់ស្ត្រី ដោយបង្កើនសក្តានុពលចំពោះស្រ្តីក្នុងតួនាទីជាដៃគូដ៏មានតម្លៃ ជាមួយនឹងបុរសក្នុងសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ស្រីនៅតាមភូមិ ឃុំ ឱ្យមានមុខរបរសមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន បន្តលើកកម្ពស់សុខុមាលភាពស្ដី្រដោយអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ចំពោះស្រ្តីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ បន្តផ្សព្វផ្សាយអប់រំសីលធម៌សង្គមនៅគ្រប់វេទិកា គ្រប់រូបភាពតាមប្រព័ន្ធបណ្តាញ សង្គមសំដៅបង្ការទប់ស្កាត់ការប្រើហិង្សាលើស្ត្រី និងកុមារ។

លោកស្រីបានដាស់តឿនដល់ស្ត្រីទាំងអស់ត្រូវចេះលើកស្ទួយដល់ស្ត្រី ដើម្បីមានឱកាសកសាង និងបង្ហាញនូវស្នាដៃជូនចំពោះជាតិដើម្បីរំលឹកឡើងវិញ នៅវីរភាពដ៏អង់អាចក្លាហានដែលវីរនារីបានពុះពារគ្រប់ឧបសគ្គ ដែលនារីទាំងអស់បានខិតខំតស៊ូជម្នះគ្រប់ការលំបាក និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងការយកបទពិសោធន៍មកបម្រើប្រជាពលរដ្ឋ។

ចូលរួមថែរក្សាសមិទ្ធផលដែលទើបកសាងថ្មីៗ នៅក្នុងឃុំ និងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងបង្ការបទល្មើសផ្សេងៗ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើពាលាអាវាសែនានា តាមរយៈការគាំទ្រ និងជំរុញសម្រេចនូវ «គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព» ឱ្យកាន់តែដំណើរការទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះត្រូវជួយចូលរួមបំផុសចលនាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យចូលរួមការពារទប់ស្កាត់ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា៕