(ឧត្តរមានជ័យ)៖ ទីតាំងដីក្រុមមហ៊ុនសម្បទានសេដ្ឋកិច្ច សុខ សំណាង ដែលមានទំហ៊ំ ១ ៧៥៦.៤៧ហិកតា ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋជិត ២០០គ្រួសារមកពីបណ្តារខេត្តផ្សេងៗ និងនៅស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ បានចូលមករំលោភអាស្រ័យផល និងធ្វើជម្រកខ្ទមតូចៗនៅលើផ្ទៃដីរបស់ក្រុមហ៊ុន។

រហូតមកដល់ថ្ងៃនេះគេសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពួកគាត់កំពុងតែបន្តសកម្មភាពសង់ខ្ទមតូចៗជាច្រើនខ្នងជាបន្តបន្តាប់ទៀត នៅលើផ្ទៃដីរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនកំពុងតែនឹងត្រៀមដាំដំណាំកៅស៊ូបន្ថែមទៀត។

លោក ឃុត ចន្ថា តំណាងក្រុមហ៊ុន សុខ សំណាង បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ប្រជាពលរដ្ឋដែល មករំលោភដីអាស្រ័យផលលើផ្ទៃដីក្រុមហ៊ុននេះ មកពីបណ្តាខេត្តខេត្តដូចជា ខេត្តសៀមរាប ចំនួន២៥គ្រួសារ ខេត្តកំពង់ចាម ១០គ្រួសារ កំពង់ធំ១១គ្រួសារ និងប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យចំនួន១៥២ គ្រួសារ។

លោក ឃុត ចន្ថា បន្ថែមថា កន្លងមកខាងក្រុមហ៊ុន និងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក រួមនិងសាលាដំបួងខេត្ត ក៏បានចុះពិនិត្យ និងស្រាវជ្រាវទំនាស់ដីធ្លីនេះដល់ទីតាំង ក្រុមហ៊ុននេះជាក់ស្តែងផងដែរ។ ក្រុមហ៊ុន សុខ សំណាង ឌីវីឡុបមេន បានបានទទួលសិទ្ធវិនិយោគលើផ្ទៃដីចំនួន ១.៨៦៥ហិកតា ពីរាជរដ្ឋាភិបាលលេខ ៖២០៤ស.ជ.ណចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ដោយក្រុមហ៊ុនបានអនុវត្តឈួសឆាយដាំដុះដំណាំ កៅស៊ូ បានចំនួន៨០០ហិកតា ហើយបន្តឈូសឆាយដាំដំណាំកៅស៊ូ លើផ្ទៃដីទីតាំងនេះបន្ថែមទៀត ក៏មានប្រជាពលរដ្ឋខាងលើនេះហាមឃាត់មិនឱ្យឈូសឆាយ ទើបក្រុមហ៊ុនស្នើសុំទៅអាជ្ញាធរជួយដោះស្រាយ និងអន្តរាគមន៍។

ចំពោះប្រជាពលរដ្ឋទាំងអស់នោះ កន្លងមកបានជួលដីក្រុមហ៊ុនតាមរយៈអ្នកមើលខុសត្រូវនៅទីនោះ នៅចុងឆ្នាំ២០១៨ ហើយមកដល់ពេលនេះគឺពួកគាត់ចង់យកដី ក្រុមហ៊ុននេះ ធ្វើជាកម្មសិទ្ធតែម្តង និងព្រមទាំងបានគៀងគរគ្នីគ្នារមកសង់ជាកូនខ្ទមតូចៗនៅលើដីក្រុមហ៊ុននេះថែមទៀត ហើយដីក្រុមហ៊ុននេះផងដែរ ត្រូវបានកាត់ឃ្វាលចេញពីផលប៉ះពាល់របស់ប្រជាពលរដ្ឋរួចរាល់ហើយ និងត្រូវបានចុះបញ្ជីជាផ្លូវការរួច នៅក្នុងឆ្នាំ២០១៦។

គួរញ្ជាក់ផងដែរថា កន្លងមកដីនេះអាជ្ញាធរស្រុកក៏បានជូនដំណឹង មានការលាយល័ក្ខជាអក្សរដល់ពលរដ្ឋទាំងនេះផងដែរ ដើម្បីកុំឲ្យពួកគាត់បន្តអាស្រ័យផល និងបញ្ឈប់ ការសង់កូនខ្ទមបន្តទៀតហើយ អាជ្ញាធរខេត្តក៏បានណែនាំជាមួយនឹងអនុប្រធានតុលាការខេត្ដដល់ពួកគាត់កុំឱ្យមានការគាស់កាយ រុករានលើផ្ទៃដីនេះជាបន្តទៀត បើទោះបីជាមានការណែនាំយ៉ាង ណាក្តីក៏ពួកគាត់នូតែមិនព្រមស្តាប់ដ៏ដែរ ហើយម្យ៉ាងវិញទៀតនោះដីការក្សាការពាររបស់តុលាការខេត្ត ក៏បានចេញហើយដែរ ប៉ុន្តែពួកគាត់នៅតែមិនបានអនុវត្តគោរពទៅតាមច្បាប់នោះទេ៕