(ស្វាយរៀង)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា ទប់ស្កាត់ទំនិញគេចពន្ធ និងធ្វើគាំទ្រដល់អង្គភាពគយ ពន្ធដារ ក្នុងការប្រមូលពន្ធជូនរដ្ឋ។

ជាមួយគ្នានោះដែរ លោក ម៉ែន វិបុល ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ នូវការណែនាំចំនួន៦ចំណុច រួមមាន៖

* ទី១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។

* ទី២៖ រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ។

* ទី៣៖ អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើផ្សព្វផ្សាយ និងធ្វើស្ថិតិចាក់វ៉ាក់សាំងដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលគ្រប់អាយុឱ្យទទួលវ៉ាក់សាំងឱ្យស្របតាមការ កំណត់របស់ក្រសួងសុខាភិបាល។

* ទី៤៖ អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

* ទី៥៖ អាជ្ញាធរក្រុង ស្រុក ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន អំពីបញ្ហាគ្រោះអគ្គីភ័យដែលបង្ករឡើងដោយភ្លើងអគ្គិសនី ភ្លើងទាន ធូប ជាដើម ។

* ទី៦៖ អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជម្រុញដល់កិច្ចការងារក្នុងការកំណត់ផ្ទៃច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្ត ទៅតាមជំហាននីមួយៗ ក្រោយពីគណៈកម្មការ គ្រប់គ្រងអាងទឹកនេះ បានជួបប្រជុំគ្នាលើកទី១នាពេលកន្លងទៅ។

បន្ថែមពីនេះដែរលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង ទាំងអស់ នារយៈពេលកន្លងមកបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ សម្រេចបាននូវលទ្ធផលល្អជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសការងារប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ផងដែរ៕