(ភ្នំពេញ)៖ នៅព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៤២០គ្រួសារ នៅបរិវេណម៉ាស្ជិតគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាស នៃការសំណេះសំណាលខាងលើ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ តំណាងអង្គការ (Rahma International society) ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។ លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលកកប្រជាពលរដ្ឋ ពីសម័យកាលដ៏ខ្មៅងងឹត ប៉ុល ពត ជាសម័យកាលជូរចត់ និងមិនអាចបំភ្លេចបាន ដែលប្រជាជនកម្ពុជា គ្មានរបបអាហារ គ្រប់គ្រាន់ដើម្បីទទួលទាន ថែមទាំងត្រូវគេប្រើឲ្យធ្វើពលកម្មលើសកំលាំងទៀតផង។

ដោយឡែក នៅក្នុងសម័យនេះ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីទទួលបាននូវម្លប់សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិបន្ថែមទៀត។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានរំលឹកដល់ប្រជាពលរដ្ឋឲ្យបន្តថែរក្សាសុខសន្តិភាព និងត្រូវចេះការពារខ្លួន ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺគ្រប់ប្រភេទ ជំងឺកូវីដ១៩។

លោក Dr. Ali R.A Rashed តំណាងអង្គការម្ចាស់ជំនួយ បានសម្ដែងនូវការសប្បាយចិត្ត និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា។

សូមជម្រាបថា អំណោយដែលទទួលបានតាមរយៈ អង្គការ Rahma International Society មានចំនួន២,៥២០គ្រួសារ ដោយក្នុងនោះ សម្រាប់ខេត្តត្បូងឃ្មុំ ចំនួន៤២០គ្រួសារ, ខេត្តកណ្តាល ចំនួន៤២០គ្រួសារ, ខេត្តកំពង់ឆ្នាំង ចំនួន៤២០គ្រួសារ, ខេត្តពោធិ៍សាត់ ចំនួន៤២០គ្រួសារ, ខេត្តកោះកុង ចំនួន៤២០គ្រួសារ និងសម្រាប់ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញចំនួន៤២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ស្ករស៥គីឡូក្រាម និងត្រីខ១យួរ៕