(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២នេះ បានអញ្ជេីញទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ របស់អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ដែលកំពុងឈរជេីងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ អាជ្ញាធរស្រុក កងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកម៉ាឡៃ នគរបាលព្រំដែនគោកលេខ៨១៥ តំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ និងលោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១២ ៥១៣ ៥១៤ នាយការិយាល័យទាំង៩ កងអនិសេនាធំចំណុះកងពល។

លោកមេបញ្ជាការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១១ ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្រៅពីនោះ បានចូលបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់ផែនការ ឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយ ៗ។

មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ក៏បានអំពាវនាវឱ្យបន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល ដេីម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩៕