(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់កងរាជអាវុធហត្ថ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពនាយឧត្ដមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលអនិច្ចកម្មនៅវេលាម៉ោង ១០:៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ នាយឧត្តមសេនីយ៍ សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ពិធីបុណ្យសពនាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានរៀបចំធ្វើឡើងនៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិទួលក្រសាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល៕