(ក្រចេះ)៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានកម្ទេចកាកសំណាល់ជាតិផ្ទុះសល់ពីសង្គ្រាមប្រមាណ៦,២៧៤គ្រាប់ នៅចំណុចអូរអណ្តាក់ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះក្រោមអធិបតីភាពលោក សែម រតនា ទីប្រឹក្សាអាជ្ញាធរមីន និងជាតំណាងឲ្យនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្តប្រជាពលរដ្ឋចំនួន៣៥០នាក់។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ វិន ឌី នាយករងនាយកដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន និងជាមេបញ្ជាការដ្ឋានបោសសម្អាតមីន និងកាកសំណល់សង្គ្រាមប្រចាំទិសឦសាន បានឲ្យដឹងថា ប្រតិបត្តិការនេះចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងបញ្ចប់ប្រតិបត្តិការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ខាមុខនេះ នៅលើភូមិសាស្ត្រ២ទីតាំង។

*ទីតាំងទី១ គឺ LR/CMAA/05000 មានផ្ទៃដីសរុប ២៥៨,៨៦២ម៉ែត្រក្រឡា (លេខកូដភូមិ ១០០៤០៥០៥) ចាប់ផ្តើមនៅថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងនោះបានរកឃើញគ្រាប់ចំនួន៥,១២៥គ្រាប់។ *ទីតាំងទី២ គឺ LR/CMAA/04991 មានផ្ទៃដីសរុប៩៩១,១៣៨ម៉ែត្រក្រឡា (លេខកូដភូមិ ១០០៤០៥០៥) ចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងនោះបានរកឃើញគ្រាប់ចំនួន១,១០៥គ្រាប់។ សរុបផ្ទៃដីដែលបានបោសសម្អាតរួច១០០% មានចំនួន១,២៥០,០០០ម៉ែត្រក្រឡា រកឃើញគ្រាប់មិនទាន់ផ្ទុះសរុប៦,២៣០គ្រាប់។

លោកឧត្តមសេនីយ៍ទោ វិន ឌី បានបញ្ជាក់ថា ក្នុងនោះមានប្រភេទគ្រាប់ BLU 26 ចំនួន១៦១គ្រាប់, BLU 61 ចំនួន១៦គ្រាប់, DGA ០៦គ្រាប់, Mortar 81mm ១៨គ្រាប់, Mortar 60mm ២៩គ្រាប់, PKM ៦ពាន់គ្រាប់ និងអំបែង និងលោហធាតុ២,០០៧ដុំ ស្មើរនឹង៦៦៧kg។

លោក សែម រតនា ទីប្រឹក្សាអាជ្ញាធរមីន បានបញ្ជាក់ថា ខេត្តក្រចេះនៅសល់ផ្ទៃដីប្រមាណ៨៣គីឡូម៉ែត្រក្រឡាទៀតនៅប្រឈមនិងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបាននិងកំពុងគម្រាមកំហែងដល់អាយុជីវិត ជនស្លូតត្រង់ ហើយក៏ជាឧបសគ្គដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការអភិវឌ្ឍនានាទៀតផងដែរ។

ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២១ យោងតាមទិន្និន័យជនរងគ្រោះ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់អាជ្ញាធរមីនខេត្តក្រចេះ មានជនរងគ្រោះ៧៧៣នាក់ ក្នុងនោះដោយសារមីន៤១៥នាក់ និងបាត់បង់ជីវិត៣៥៨នាក់។ ដោយឡែក នៅខែមករា-កុម្ភៈ ឆ្នាំ២០២២នេះ ខេត្តក្រចេះមានគ្រោះថ្នាក់១៣ករណី បណ្ដាលឲ្យមានជនរងគ្រោះ៥នាក់ និងបាត់បង់ជីវិត៥នាក់ គ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម និងពិការ៣នាក់ ១ករណី។ តូរលេខនេះ បង្ហាញ់ថា គ្រាន់តែខែមករា-កុម្ភៈ ឆ្នាំ២០២២ អត្រាគ្រោះថ្នាក់ក្នុងខេត្តក្រចេះបានកើតឡើង១០០% បើប្រៀបធៀបនឹងឆ្នាំ២០២១៕