(ភ្នំពេញ)៖ អង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងសាលាប៊ែលធីអន្តរជាតិ (BELTEI International School) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសហការគ្នា រៀបចំធ្វើយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាព អ៊ីនធឺណិតឆ្នាំ២០២២ តាមប្រព័ន្ធ Zoom។

យុទ្ធនាការនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងមានអ្នកចូលរួមជាកុមារ យុវជន លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាប៊ែលធីអន្តរជាតិចំនួន ២៥០នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២ ក៏ត្រូវបានធ្វើឡើង ដោយអង្គការសកម្មភាពដើម្បីកុមារ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ហើយមានការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការយូនីសេហ្វប្រចាំកម្ពុជា ក្រុមហ៊ុន Smart Axiata មូលនិធិ World Childhood មូលនិធិ Bread for the World និងគណៈកម្មាធិការសុវត្ថិភាពអ៊ីនធើណិត ដែលមានអ្នកចូលរួម ៣៨៨នាក់ រួមមាន កុមារ យុវជន មន្រ្តីរាជរដ្ឋាភិបាល គ្រូបង្រៀន បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងប្រតិបត្តិករអ៊ីនធឺណិត។

យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងយ៉ាងទូលំទូលាយអំពីសុវត្ថិភាពអ៊ីនធឺណិតជាពិសេស លើកកម្ពស់ការចូលរួមធ្វើឱ្យបច្ចេកវិទ្យាអ៊ីនធឺណិត កាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត ព្រមទាំងដើម្បីផ្សព្វផ្សាយ ទៅដល់ កុមារ និងយុវជនវ័យក្មេង ឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនអ៊ីនធឺណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយ ដើម្បីលើក ទឹកចិត្ត ឱ្យមានការចូលរួមចំណែកក្នុងការធ្វើឳ្យប្រព័ន្ធអ៊ីនធឺណិតកាន់តែល្អប្រសើរ និងមានសុវត្ថិភាព។ យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២ ប្រារព្ធឡើងក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ»

សូមរំលឹកផងដែរថា យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានប្រារព្ធឡើងដំបូងបំផុតនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០0៤ ដោយប្រទេសចំនួន១៤ (១៣ប្រទេសនៅអឺរ៉ុប និងប្រទេសអូស្រ្តាលី) តាមរយៈការសម្របសម្រួលពីបណ្តាញអង្គការជាដៃគូរបស់បណ្តាញសាលារៀននៅសហភាពអឺរ៉ុប (EUN Partnership) ក្នុងនាមគណៈកម្មាការអឺរ៉ុប និងភាពជាដៃគូរួមគ្នារវាងមូលនិធិ INSAFE និង INHOPE របស់មជ្ឈមណ្ឌលសុវត្ថិភាពអ៊ីនធឺណិតនៃសភាពអឺរ៉ុប។

យុទ្ធនាការនេះបានពង្រីកវិសាលភាពរបស់ខ្លួននៅសហភាពអ៊ឺរ៉ុប ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់បណ្តាញជាសកល នៃគណៈកម្មាធិការទិវាសុវត្ថិភាព អ៊ីន ធឺណិតនៅតាមបណ្តាប្រទេសនានា។ យុទ្ធនាការនេះទទួលការគាំទ្រកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយរហូតមកទល់បច្ចុប្បន្ន ទិវានេះបានក្លាយជាព្រឹត្តិការណ៍ សកលដ៏សំខាន់មួយ ដែលមានប្រទេស និងដែនដីប្រមាណជា២០០នៅទូទាំងពិភពលោកបានចូលរួមប្រារព្ធអបអរសាទរជារៀងរាល់ឆ្នាំ ដោយមានការចូលរួម ពីមន្រ្តី រាជរដ្ឋាភិបាល អាជ្ញាធរ សិស្សានុសិស្ស គ្រូបង្រៀន តំណាងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ឪពុកម្តាយ និងជាពិសេសកុមារ និងយុវវ័យរាប់លាននាក់។

ដោយឡែកនៅប្រទេសកម្ពុជា យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត ត្រូវបានផ្តួចផ្តើមប្រារព្ធឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការ ប្រយុទ្ធប្រឆាំង អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងជាដៃគូគាំទ្រមួយប្រចាំប្រទេសកម្ពុជា នៃគណៈកម្មាធិការរៀបចំទិវាសុវត្ថិភាពអ៊ីនធឺណិត ចាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។

ជាក់ស្តែងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ អង្គការសកម្មភាពដើម្បីកុមារ ដោយទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធពីគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) និង ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការឧបត្ថម្ភថវិកាគាំទ្រដោយអង្គការយូនីសេហ្វប្រចាំកម្ពុជា និងទីភ្នាក់ងារផ្តល់ ជំនួយ របស់សហរដ្ឋអាមេរិក ក៏បានរៀបចំយុទ្ធនាការនេះឡើង ដោយកំណត់ជាយុទ្ធនាការគាំទ្រ «ទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត និងលើកកម្ពស់សីលធម៌ ដើម្បីសុវត្ថិភាពសង្គម» ក្រោមប្រធានបទ៖ «រួមគ្នាធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ» ជាមួយកុមារ យុវជន លោកគ្រូអ្នកគ្រូ បុគ្គលិកអង្គការ មិនមែន រដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល។

ជាងនេះទៅទៀត យុទ្ធនាការជាស៊េរីផ្សេងទៀតក៏ត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាយុទ្ធនាការធំចុងក្រោយ។ ជាលទ្ធផល អ្នកចូលរួមសរុបក្នុងយុទ្ធនាការនៅឆ្នាំ២០២១ មានប្រមាណ ៧៤០នាក់ (ស្រី៣៩២នាក់)។

លោក ខឹម វ៉ាន់ដូ ប្រធានបច្ចេកទេសផ្នែកកិច្ចការពារកុមារនៃអង្គការសកម្មភាពដើម្បីកុមារមានប្រសាសន៍ថា ការចូលរួមប្រារព្វទិវាសុវត្ថិភាពអ៊ីនធឺណិតនេះ បានសំដែង នូវការប្តេជ្ញាចិត្តដ៏មុះមុតរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការការពារកុមារពីគ្រប់ទម្រង់ទាំងអស់នៃការរំលោភបំពាន រួមទាំងការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងបានក្លាយជាចំណែកដ៏ធំមួយនៃការផ្លាស់ប្តូរឥរិយាបទ និងការជម្រុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ ការគោរព ការចេះគិតពិចារណា និងភាពច្នៃប្រឌិត ទិវានេះនឹងក្លាយទៅជាទិវាជាតិមួយដែលត្រូវប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ៕