(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទូចដល់អ្នកមានអំណាច និងឥទ្ធិពល សូមកុំព្យាយាមអន្តរាគមន៍ដោះលែងរថយន្តដឹកលើសទម្ងន់កំណត់ ហើយត្រូវបានចាប់យកទៅរក្សាទុករយៈពេលមួយឆ្នាំ។

កាលពីចុងឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមអនុវត្តន៍វិធានការក្តៅតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដោយចាប់យករថយន្តដឹកលើសទម្ងន់ចាប់ពីជាង ២០ភាគរយឡើង យកទៅរក្សាទុករយៈពេលមួយឆ្នាំ បន្ថែមពីលើការផាកពិន័យជាប្រាក់។ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានរថយន្តដែលចាប់រក្សាទុកនេះ ប្រមាណ ១៤៩គ្រឿង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ការអនុគ្រោះដោះលែងមុនកាលកំណត់រួចម្តងមកហើយ ដើម្បីឱ្យម្ចាស់រថយន្តយករថយន្តទៅរកស៊ីដោះស្រាយការលំបាកក្នុងជីវភាព និងផ្តល់ឱកាសឱ្យពួកគេកែខ្លួន។

បើទោះបីមានការផ្តល់ឱកាសរួចម្តងហើយក្តី ក៏នៅតែមានម្ចាស់រថយន្តមួយចំនួនមិនព្រមភ្ញាក់រលឹក ហើយនៅតែបន្តគឃ្លើនប្រព្រឹត្តផ្ទុយនឹងច្បាប់បន្តដឹកលើសទម្ងន់ដោយមិនខ្លាចច្បាប់ និងអាសូរផ្លូវថ្នល់ដដែល។ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចាប់ពីក្រោយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃខែកុម្ភៈ ឆ្នាំ២០២២នេះ មានរថយន្តដឹកលើសទម្ងន់កំណត់ជាង ២០ភាគរយ ចំនួន ១៣៦គ្រឿងទៀត ត្រូវបានរកឃើញ ហើយចាប់យកទៅរក្សាទុករយៈពេលមួយឆ្នាំ។

លោក ឯក រដ្ឋ បានគូសបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបរថយន្តដឹកលើសទម្ងន់នេះ ជួបការលំបាកជាច្រើន ដូចជាអ្នកបើកបរ និងម្ចាស់រថយន្តមិនចូលរួមសហការ បើករថយន្តគេច រត់ចោលរថយន្តជាដើម។ បន្ថែមពីលើនោះ មានការគំរាមកំហែង ការគប់រថយន្ត វាយកញ្ចក់រថយន្តជាដើម។

ក្រៅតែពីបញ្ហាទាំងនេះ អ្វីដែលកាន់តែលំបាកទៀតនោះ គឺការព្យាយាមអន្តរាគមន៍ពីអ្នកមានអំណាច និងមានឥទ្ធិពល ឱ្យដោះលែងរថយន្តដឹកលើសទម្ងន់កំណត់ក្រោមហេតុផលផ្សេងៗ ជារឿងដែលក្រសួងមិនអាចធ្វើទៅបាន។

«ខ្ញុំសូមមិនបញ្ចេញឈ្មោះទេ ប៉ុន្តែសុទ្ធតែជាអ្នកធំ កុំឱ្យប៉ះពាល់កិត្តិយសគេ។ យើងគ្រាន់តែដឹងថា ពេលដែលយើងចាប់តែងមានអ្នកអន្តរាគមន៍។ អ្នកអន្តរាគមន៍ហ្នឹង គឺអ្នកធំតែម្តង។ ប៉ុន្តែការអន្តរាគមន៍ហ្នឹង គឺមិនបានជោគជ័យទេ តែគាត់នៅតែអន្តរាគមន៍ធ្វើឱ្យក្រុមការងារលំបាក»។ នេះជាការបញ្ជាក់របស់លោក ឯក រដ្ឋ។

ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយនាំឱ្យផ្លូវថ្នល់ឆាប់ខូចខាត និងប្រើប្រាស់មិនបានតាមរយៈពេលនៃបច្ចេកទេសផ្លូវ។ រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ។

អាស្រ័យដោយហេតុផលខាងលើនេះហើយ ទើបក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រឹងប្រែងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ។

លោក ឯក រដ្ឋ បានគូសបញ្ជាក់ថា «ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី [ស៊ុន ចាន់ថុល] លោកបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសរថយន្តដឹកលើសទម្ងន់នេះ ដោយសារកាលណាយើងដឹកលើសទម្ងន់ធ្វើឱ្យថ្នល់យើងឆាប់រិចរិល ខូចមុនអាយុកាល ខូចមុនបច្ចេកទេស។ នេះហើយបានជាថ្នាក់ដឹកនាំលោកជំរុញឱ្យក្រុមការងារបង្ក្រាបរថយន្តដឹកលើសទម្ងន់កម្រិតកំណត់នេះ»

លោកអនុរដ្ឋលេខាធិការដែលទទួលបន្ទុកលើការងារបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់ បានអំពាវនាវដល់ដល់អ្នករកស៊ីដឹកជញ្ជូនទាំងអស់ ឱ្យរួមគ្នាគោរពច្បាប់កុំដឹកលើសទម្ងន់កំណត់ដោយច្បាប់ ដើម្បីចូលរួមថែទាំងផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនដើម្បីសាងសង់។

លោកក៏បានអំពាវនាវផងដែរទៅដល់អ្នកមានឥទ្ធិពល មានអំណាច កុំព្យាយាមសុំអន្តរាគមន៍ដោះលែងរថយន្តដឹកលើសទម្ងន់កំណត់ ដែលជាការធ្វើខុសនឹងច្បាប់ ហើយប្រៀបបាននឹងការចូលរួមក្នុងការធ្វើសកម្មភាពបំផ្លាញផ្លូវ។

បើទោះបីមានឧបសគ្គ និងការលំបាកច្រើនយ៉ាងណាក្តី លោក ឯក រដ្ឋ បានអះអាងថា ទាំងថ្នាក់ដឹកនាំក្រសួង ជាពិសេសលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់ទាំងអស់ មិនរាថយនោះឡើយ ហើយនៅតែបន្តសកម្មភាពបង្ក្រាបការដឹកលើសទម្ងន់កំណត់នេះ ដើម្បីការពារផ្លូវឱ្យប្រើប្រាស់បានយូរ ចៀសផុតពីការខូចមុនកាលកំណត់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីកម្ពុជា ក៏តែងតែបានអំពាវនាវ និងណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះរថយន្តដឹកលើសទម្ងន់កំណត់នេះ។

សូមបញ្ជាក់ថា តាមមាត្រា ៦០នៃច្បាប់ស្តីពីផ្លូវថ្នល់បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ នឹងរងការផាកពិន័យជាប្រាក់ និងចាប់រថយន្តរក្សាទុក ក្នុងករណីពួកគេធ្វើសកម្មភាពដឹកជញ្ជូនដូចខាងក្រោម៖
១៖ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀល។
២៖ ផ្ទុកទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។
៣៖ ផ្ទុកទម្ងន់លើសពី៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។
៤៖ ផ្ទុកទម្ងន់លើសពី ១០ភាគរយ ទៅ ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកមួយខែ និងពិន័យអន្តរការណ៍ជាប្រាក់ ២០ម៉ឺនរៀល ក្នុងទម្ងន់ ១តោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។
៥៖ ផ្ទុកទម្ងន់លើសពី ២០ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុករយៈពេលមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុករយៈពេលពីរឆ្នាំ។

ក្នុងមាត្រានេះ ក៏បានកំណត់ដែរថា ក្នុងករណីមានអំពើល្មើសការផ្ទុកទម្ងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទម្ងន់អតិបរិមានៃភ្លៅនោះ ត្រូវផាកពិន័យទាំងពីរករណី។

ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយឆ្នាំ។ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង៕