(ភ្នំពេញ)៖ លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានថ្លែងថា ក្នុងនាម ជាមន្រ្តី បំរើប្រជាពលរដ្ឋ គប្បីត្រូវខិតខំធ្វើយ៉ាងបំរើផលប្រយោជន៍ របស់ពួកគាត់ឲ្យបានល្អ ជាពិសេសពាក់ព័ន្ធនឹងសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ត្រូវខិតខំ ធ្វើជូនពួកគាត់ឱ្យបានឆាប់រហ័ស នឹងមិនត្រូវយកថវិកានោះឡើយ។

លោក យឿន យឿត បានលើកឡើងដូចនេះនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាជិកសមាជិកាថ្មីចំនួន ជាង ២០០នាក់ ដែលមកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗ ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិខ្ពេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក យឿន យឿត បានបន្ថែមថា មន្រ្តី និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បំរើផលប្រយោជន៍សង្គមឲ្យបានឲ្យផុល ផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្ត និងគោរពគាំទ្រពីសំណាក់ពលរដ្ឋ ហើយពេលពួកគាត់មានបញ្ហាអ្វីដែលត្រូវឲ្យពួកយើងជួយ ត្រូវធ្វើជូនពួក គាត់ឲ្យបានទាន់ពេលវេលា ដោយមិនត្រូវអល់ឯកនោះឡើយ។

នៅក្នុងឱកាសសំណេះសំណាលនោះដែរលោក យឿន យឿត ក៏បានក្រើនរំលឹកដល់បងប្អូន សមាជិក-សមាជិកាទាំងនោះផងដែរថា នាពេលបច្ចុប្បន្ននេះក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចតំបន់ ស្រុកឱរ៉ាល់ ពីកន្លែងដែលជាសមរភូមិក្តៅ បានក្លាយទៅជាកន្លែងអភិវឌ្ឍ គ្រប់យ៉ាងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ជាពិសេសគឺផ្នែកកសិកម្មនេះតែម្តង។

លោកក៏បានលើកឡើងទៀតថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧មករា ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។

លោក យឿន យឿត បានបញ្ជាក់ទៀតថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែក ទឹកដីពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូប បានរស់នៅ យ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ៕